(ភ្នំពេញ)៖ សិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីកែលម្អថយន្តដឹកកម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ទាំងនោះរួមមាន៖

* សូមបន្តចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ទី៩ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុច ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំក្នុងពេលជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១លាន ចំនួន ៧៧លើក ដែលអនុសាសន៍ទី៩នោះគឺ បន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

* ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ។

* ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឲ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស។

* ជំរុញឲ្យអ្នកបើកបរយករថយន្តដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់។

* ជំរុញឲ្យអ្នកបើកបរយានយន្តដឹកកម្មករឲ្យមានប័ណ្ណបើកបរស្របតាមប្រភេទយាន។

* លើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត។

លោកថា ដើម្បីលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ដល់កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្ត ដោយលោកស្នើដល់គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមការកែលម្អថយន្តដឹកកម្មករនិយោជិតនេះឲ្យកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ទៅដល់សុវត្ថិភាពរបស់កម្មករនិយោជិតដោយបានគិតគូរអំពីបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ដែលបានកើតឡើងទៅលើកម្មករនិយោជិត នាពេលធ្វើដំណើរ និងធ្វើការជំរុញឲ្យកាន់តែប្រសើរឡើងនូវមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិត ដោយការប្រើប្រាស់រថយន្តជាប្រភេទដឹកអ្នកដំណើរ ការរៀបចំឲ្យមានកៅអីអង្គុយឲ្យបានសមស្រប និងការសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីតាមដានត្រួតពិនិត្យលក្ខណៈទៅលើរថយន្តដឹកកម្មករនិយោជិតជាប្រចាំ។

ដើម្បីឲ្យការអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម ដែលមានសមាសភាពជាក្រុមការងារអន្តរក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការកំណត់មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ និងធ្វើការអប់រំផ្សព្វផ្សាយ ទៅដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករឲ្យចំគោលដៅ ក្នុងន័យចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត និងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយសុខុមាលភាព៕