(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) បានស្នើឲ្យសមាគមឧស្សាហកម្ម ទេសចរណ៍ ពិនិត្យលទ្ធភាពដើម្បីគាំទ្រនិងជំរុញការបណ្តុះបណ្តាល ហូកា នៅតាមមូលដ្ឋានអាជីវកម្មដែលជាសមាជិករបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលសមាជិក នៅតាមទីតាំងរបស់ខ្លួន។

សូមជម្រាបថា ហូកា ជាកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថាក់ ដោយគិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រង់គម្រោង ហូកា (Hoka) នៃក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញទេសចរណ៍បានចំនួន១០៧រូបបន្ថែមទៀត នៅតាមបណ្ដាខេត្តចំនួន៥ រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

លោក ប៉ាក់ សុខុម បានបញ្ជាកដូនេះនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានរៀបចំឡើងនៅសណ្ឋាគារ Sunway ដោយមានការចូលរួមពីលោក Rajiv Pradhan នាយកប្រចាំប្រទេសនៃអង្គការ ស្វីសខន់ថាក់, លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា, លោក ធួន ស៊ីនាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក, លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមន៍សណ្ឋាគារកម្ពុជា រួមទាំងមានប្រធានមន្ទីរទេសចរណ៍ និងអ្នកពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

លោក ប៉ាក់ សុខុម ក៏បានស្នើដល់អង្គការស្វីសខន់ថាក់ ជួយគាំទ្របើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលបន្ថែមដល់មូលដ្ឋានអាជីវកម្មទាំងនោះ ដោយមានការសម្របសម្រួលដោយលេខាធិការដ្ឋាន គ.គ.ហ. ជាពិសេសអាចភ្ជាប់ការបណ្តុះបណ្តាលខាងក្នុងនោះ ដើម្បីស្នើសុំការគាំទ្របន្ថែមពីមូលនិធិអភិវឌ្ឍន៍ជំនាញ តាមយន្តការដែលអ្នកជំនាញការអភិវឌ្ឍន៍ទីផ្សារនៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើង។

ជាមួយគ្នានោះដែរ លោក ប៉ាក់ សុខុម ក៏បានស្នើដល់មន្ទីរទេសចរណ៍ខេត្តទាំងអស់ ត្រូវខិតខំបណ្តុះបណ្តាលធនធានគ្រូបង្គោលក្នុងមន្ទីរទេសចរណ៍របស់ខ្លួន និងគ្រូ បង្គោល ដែលមកពីវិស័យឯកជន ដើម្បីមានមូលធនមនុស្សគ្រប់គ្រាន់ ធានាដល់និរន្តរភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រោយចប់គម្រោង និងសូមប្រើប្រាស់ឱ្យអស់លទ្ធភាព និងថែរក្សាឱ្យបានគង់វង្សនូវសម្ភារៈឧបទ្ទេសបច្ចេកវិទ្យា ព័ត៌មាន និងសម្ភារៈបណ្តុះបណ្តាលដែលគម្រោងបានផ្តល់ជូនកន្លងមក។

បន្ថែមពីនេះលោករដ្ឋលេខាធិការ ក៏បានប្រកាសគំាទ្រទាំងស្រុងនូវផែនការសកម្មភាពឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយក្នុងនោះដែរលេខាធិកា រដ្ឋាន ត្រូវធ្វើការ ឱ្យកាន់តែជិតស្និតជាមួយតំណាងអង្គការស្វីសខន់ថាក់ និងខិតខំជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា របស់មន្ទីរទេសចរណ៍ខេត្ត ក្នុងគោលដៅ គម្រោងឲ្យបានស្របតាមផែនការដែលបានដាក់ចុះផងដែរ។

លោកប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក៏បានវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាន មន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី និងមណ្ឌលគីរី ក្រុមការងារអង្គការស្វីស ខន់ថាក់ និងភាគីពាក់ព័ន្ធដែលបានសហការគ្នាយ៉ាងជិតស្និត ដោយស្មារតីយោគយល់និងទទួលខុសត្រូវខ្ពស់ដោយ បានអនុវត្ត សកម្មភាពការងារ ប្រកបដោយភាពបត់បែន ច្បាស់លាស់ និងនវានុវត្តន៍ ទោះបីស្ថិតនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ក៏ដោយ៕