(ភ្នំពេញ)៖ លោក ហ៊ុន កុសល សកម្មជនក្រុមប្រឆាំងដ៏លេចធ្លោម្នាក់ ដែលមាននិន្នាការគាំទ្រលោក កឹម សុខា នោះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញមុខរិះគន់ជាថ្មី ចំពោះលោក សម រង្ស៊ី និងបក្ខពួក ដែលនៅតែបន្តយកឈ្មោះលោកកឹមសុខាទៅបោកប្រាស់ម្ចាស់ឆ្នោត គួរឲ្យអស់សំណើច។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហ៊ុន កុសល បានលើកឡើងយ៉ាងដូច្នេះថា៖ «មានក្រុមអ្នកនយោបាយ បញ្ឆោតក៏ដូចជាក្រុមបញ្ឆេះដែរ នៅតែយកឈ្មោះ លោកប្រធាន កឹម សុខា ទៅប្រើដើម្បីបោកប្រាសម្ចាស់ឆ្នោត គួរឲ្យអស់សំណើច»

លោកបានបន្តថា៖

ទី១៖ ម្តងថា គេធ្វើរង់ចាំ លោក កឹម សុខា គេស្វាគមន៍ កឹម សុខា មកចូលរួមឬដឹកនាំ គេមិនបែកពី កឹម សុខា ទេ គេព្យាយាមចង់ជួបអ្នកការទូតដូច លោក កឹម សុខា ដែរ។ល។ ពួកទាំងពីរក្រុមនេះ (បញ្ឆោត និងបញ្ឆេះ) និយាយមកហាក់បីដូចជាដឹង និងទទួលស្គាល់នូវគុណតម្លៃរបស់លោក កឹម សុខា។

២៖ ទន្ទឹមគ្នានេះដែរក្រុមពីរនេះ ទាំងមេទាំងកូន វាយប្រហារ ជេរប្រមាថ មួលបង្កាច់ បន្តុះបង្អាប់ លោក កឹម សុខា ថា ប្រជាពលរដ្ឋលែងគាំទ្រគាត់ហើយ ជួបអ្នកការទូតតំណាងប្រទេសនានាជាការងារអត់ប្រយោជន៍ អត់បានធ្វើអីសោះកុំរងចាំគាត់អីជាអាយ៉ង។ល។ ផ្ទុយពីចំណុចខាងលើ ពួកទាំងពីរក្រុមនេះ ហាក់បីដូចជាមិនឲ្យតម្លៃ ឬចង់កម្ទេចប្រជាប្រិយភាព លោក កឹម សុខា។

លោក ហ៊ុន កុសល បានចោទជាសំណួរសួរថា ពួកក្រុមបក្សបញ្ឆោត និងបក្សបញ្ឆេះទាំងនោះ ដែលដើរចេញពី លោក កឹម សុខា ចេញពីស្មារតីរួបរួមដែលជាឆន្ទៈពិត របស់ប្រជាពលរដ្ឋដែល លោកកឹម សុខានៅតែប្រកាន់ខ្ជាប់នោះ តើចង់បានអី្វពី លោកប្រធាន កឹម សុខា ឲ្យពិតប្រាកដ បានជាធ្វើនយោបាយគ្មានគោលជំហរសោះ ម្តងថាអញ្ចេះ ម្តងថាអញ្ចោះ?

លោកឧទាហរណ៍២ចំណុចថា៖

* បើយល់ថា លោក កឹម សុខា អស់ប្រជាប្រិយហើយ ម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ?

* បើថាអ្នកការទូតនៃប្រទេសប្រជាធិបតេយ្យជួប លោក កឹម សុខា អត់បានការអី ម៉េចក៏មេៗខ្លួនខំទៅសុំស្វែងរកជួបគេពឹងឲ្យគេជួយធ្វើអី?

សូមបញ្ជាក់ថា ជម្លោះផ្ទៃក្នុងក្រុមប្រឆាំង បានកើតឡើងបន្ទាប់ពីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ៕