(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនំារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិ ហោ ណំាហុង-បូរី ហោ បានជួយឧបត្ថម្ភផ្តល់អាវរងា ចំនួន ៤៨០អាវ ជូនប្រជាពលរដ្ឋចាស់ជរា នៅខេត្តរតនគិរី ខណៈដែលអាកាសធាតុចុះត្រជាក់ខ្លាំងនៅតំបន់នោះក្នុងរដូវរងានេះ ហើយមានប្រជាពលរដ្ឋចាស់ជរារាប់រយនាក់ មានការលំបាកក្នុងការទ្រាំទ្រនឹងអាកាសធាតុត្រជាក់ខ្លាំង។

លោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានតំណាងលោកឧបនាយករដ្ឋមន្រ្តី ប្រគល់អំណោយអាវការពាររងាទំាងអស់ជូន លោកស្រី ញាន ទិតចិន្តា អភិបាលរងខេត្តរតនគិរី នៅថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ជំនួយឧបត្ថម្ភនេះ ជាសកម្មភាពរួមចំណែកជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជួយពលរដ្ឋចាស់ជរានៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរដូវ ដែលមានអាកាសធាតុត្រជាក់ខ្លាំងបែបនេះ។

ក្នុងនាមមូលនិធិហោ ណាំហុង-បូរី ហោ, លោក ជេត ណារ៉ែន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ជាការណែនំាដ៏ខ្ពង់ខ្ពស់ និងមានប្រសិទ្ធិភាព របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ-១៩។

ចំណែកឯលោកស្រី ញាន ទិតចិន្តា ក្នុងនាមរដ្ឋបាលខេត្តរតនគិរី និងលោកតាលោកយាយចាស់ជរា ដែលត្រូវការអាវការពារធាតុអាកាសត្រជាក់នៃរដូវរងានេះ បានថ្លែងអំណរគុណជាខ្លំាងដល់ មូលនិធិហោ ណាំហុង-បូរី ហោ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ និងជួបការលំបាក៕