(ព្រៃវែង)៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទក្រោមអធិបតីលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងតំណាងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

នៅក្នុងឱកាសនោះលោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងរបស់បងប្អូននារី រួមទាំងការលើកកម្ពស់យេនឌ័រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាល បានជួយឲ្យស្ត្រី ទទួលបានការលើកទឹកចិត្ដទាំងចំណេះដឹង តួនាទី និងបានចូលរួមក្នុងគ្រប់ស្ថាប័នពី ថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

លោក ហែម សាវុធ បានបន្តថា មន្ត្រីរាជការស៊ីវិលនៅក្នុងខេត្តព្រៃវែងមានសរុប ១០៨៩៣នាក់ ក្នុងនោះស្រ្តីមាន៤៣៥៥នាក់។ ស្ត្រីដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត សម្រាប់កាន់មុខតំណែងរួមមាន៖

*ស្ត្រីជាអភិបាលរងខេត្តម្នាក់
*ជាក្រុមប្រឹក្សាខេត្តចំនួន៥នាក់
ជាស្នងការរងខេត្តម្នាក់
*ជាប្រធានមន្ទីរម្នាក់
*ជាអនុប្រធានមន្ទីរ១៧នាក់
*ជាអនុប្រធានពន្ធនាគាខេត្តម្នាក់
*ជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងម្នាក់
*ជាអភិបាលស្រុកម្នាក់
*ជាអភិបាលរងស្រុក-ក្រុងចំនួន១៣នាក់
*ចៅក្រមសាលាដំបូងខេត្តម្នាក់
*ជាព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងខេត្តម្នាក់
*ជាប្រធាន និងអនុប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត០២នាក់ស រុបចំនួន៤៥នាក់។

ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង មានមន្ត្រីរាជការសរុបចំនួន៥១នាក់ មានស្ត្រី១៦នាក់ ស្មើនឹង៣១% ក្នុងនោះស្ត្រីជាប្រធានការិយាល័យចំនួន២នាក់ អនុ ការិយាល័យ០៦នាក់ មន្ត្រីការិយាល័យ០៦នាក់ និងបុគ្គលិកស្មគ្រ័ចិត្ត០២នាក់។

លោកស្រី ម៉ាត់ ម៉ារ៉ា បានលើកឡើងថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ណាស់សម្រាប់ប្រទេសជាតិ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

សូមបញ្ជាក់ដែរថា សិក្ខាសាលានេះមានគោលបំណង ដើម្បីការផ្សព្វផ្សាយទស្សនៈយេនឌ័រ និងផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ ដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ។ ហើយតួនាទីរបស់ស្រ្តី ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ត្រូវបានលើកកម្ពស់ និងឆ្លើយតបទៅនឹងក្នុងគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល។

ការលុបបំបាត់អំពើហិង្សាលើស្ត្រីជាកម្មវិធីអាទិភាពមួយ ដែលគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ត្រូវតែចូលរួមទាំងអស់គ្នា អនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ លុបបំបាត់ និងផ្តល់សេវាជួយស្ត្រីដែលជាជនងាយរង គ្រោះឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕