(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកម្មវិធីបើក-ផ្តល់ថវិការបបគោលនយោបាយ ជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ក្នុងខណ្ឌព្រែកព្នៅ សរុបចំនួន៩៤នាក់ ក្រោមអធិបតីភាពលោក ហឿង សុផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត្រ រដ្ឋមន្ត្រី និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីពាក់ព័ន្ឋផងដែរផងដែរ។

លោក ហឿង សុផុន បានប្រាប់ទៅបងប្អូនជនពិការ កុំអស់សង្ឃឹម រាជរដ្ឋាភិបាលមិនទុកឲ្យបងប្អូនរស់នៅឯកោនោះទេ គឺថាប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបងប្អូន តាមគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូន បានប្រមាណ៧១ម៉ឺនគ្រួសារ ហើយក្នុងមួយខែ ចំណាយឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋ (ក្រ១ ក្រ២) ប្រមាណ៣០លានដុល្លារ ដោយឡែកសំរាប់រាជធានីមានចំនួន៦២៤នាក់។

លោក ហឿង សុផុន ថ្លែងទៀតថា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្ដោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រ គាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាន នូវផលប្រយោជន៍ ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង។ បន្ថែមលើនេះទៀត ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ កាន់តែត្រូវបានស្ដែងឱ្យឃើញ ពីការយកចិត្តទុកដាក់ គិតគូរខ្ពស់ អំពីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនមានពិការភាព ឱ្យមានភាពកាន់តែប្រសើរឡើង ជាលំដាប់ ជាពិសេសការគោរពភាព ថ្លៃថ្នូរពីកំណើត និងការរស់នៅប្រកបដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ដោយលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ នៅក្នុងសង្គម។

លោកបញ្ជាក់ថា ជនពិការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាព ស្តីពីជនមានពិការភាពគ្រប់ប្រភេទ។ លោកលើកឡើងទៀតថា ជនពិការភាពត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាព បានចូលបម្រើការងារតាមគ្រប់ស្ថាប័ន។ ជនពិការតែដៃជើង ចិត្តមិនពិការនោះទេ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ក៏បានស្នើឲ្យបងប្អូនជនពិការ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ឬត្រូវប្រយ័ត្នបំផុតមេរោគបំលែងថ្មីទាំងអស់គ្នា។

ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ក៏បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការថែទាំព្យាបាល វិធានការបង្ការទប់ស្កាត់ ព្រមទាំងយុទ្ធនាការ ចាក់ស្រោចវ៉ាក់សាំង បង្ការទប់ស្កាត់កូវីដ-១៩ ឲ្យដល់បងប្អូនជនមានពិការភាព ទាំងវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ធ្វើឲ្យការការពារបាននូវអាយុជីវិតដល់បងប្អូនជនមានពិការភាពនៅទូទាំងប្រទេស ជាពិសេសបងប្អូនជនមានពិការភាព ក្នុងរាជធានីភ្នំពេញ និយាយដោយឡែក។

ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ ដល់ស្ថានភាពជជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសបងប្អូនដែលជាជនមានពិការភាព។ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា និងដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋរងគ្រោះ នឹងរងាយផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ ក្នុងបើក-ផ្តល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍ក្នុងរាជធានី។

លោកស្រី មុំ ចាន់ដានី បានថ្លែងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ មានគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ជនពិការក្រីក្រក្នុងសហគមន៍មានមជ្ឈមណ្ឌលស្ដារលទ្ធភាព ពលកម្មកាយសម្បទា, មានសាខាមូលនិធិជនពិការរាជធានីភ្នំពេញ រួមទាំងអង្គការមួយចំនួន ដែលកំពុងធ្វើការលើវិស័យពិការភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងដោះស្រាយទាន់ពេលវេលា ជូនបងប្អូនជនមានពិការភាព ជាពិសេសបងប្អូនជនមានពិការភាពដែលស្ថិតនៅក្នុងស្ថានភាព គ្រួសារក្រីក្រ។

នាឱកាសនោះ លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា មន្ទីរសង្គមកិច្ច បានសហការជាមួយស្ថាប័នអង្គភាព ពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះអនុវត្ត និងត្រួតពិនិត្យតាមបណ្តាក្រុមហ៊ុនរោងចក្រសហគ្រាស គ្រឹះស្ថានសិក្សា វិស័យ ឯកជន អង្គការសង្គមស៊ីវិលពាក់ព័ន្ធ ពិនិត្យ និងវាយតំម្លៃ ការអនុវត្តនូវបទដ្ឋានផ្សេងៗ ការជ្រើសរើសជនមានពិការភាព អោយចូលបម្រើការងារ ដោយកំណត់ ស្ថាប័នរដ្ឋ ២% និងវិស័យឯកជន ១% តាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

*ទី១៖ បានសហការជាមួយរដ្ឋបាលខណ្ឌ សង្កាត់ ប្រមូលទិន្នន័យជនពិការទូទាំងរាជធានី សរុបចំនួន៧៣៩៦នាក់ ក្នុងនោះ ស្រី៣៦៦៩នាក់។
*ទី២៖ បានបើកផ្តល់ប្រាក់មូលនិធិជនពិការក្រីក្រក្នុងសហគមន៍ ចំនួន៦២៤នាក់
*ទី៣៖ បានកំណត់ទិន្ន័យអំពីអត្តសញ្ញាណកម្ម ជនមានពិការភាព សុបចំនួន ៧.៧០៦នាក់ (ស្រី៣.៨២៦នាក់) ហើយបានទទួលការចាក់វ៉ាក់សាំង ចំនួនៈ ៤.០៦៦នាក់ (ស្រី៣.៦២៦នាក់)។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា អនុវត្តប្រកាសលេខ២០៩ ស.អ.យ,ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការដាក់ឱ្យប្រើប្រាស់ នូវគោលការណ៍ណែនាំ ស្ដីពីនីតិវិធីអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅសហគមន៍ តាងនាមឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការ បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះ កំណត់អត្តសញ្ញាណជនពិការក្រីក្រ និងលើកសំណើរ មកគណៈកម្មការរបបគោលនយោបាយ ជូនជនពិការក្រីក្រនៅតាមសហគមន៍ រាជធានីភ្នំពេញ។

ជាក់ស្តែងនៅថ្ងៃនេះ យើងបានប្រារព្ធពិធីបើកផ្តល់ថវិកា របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងរាជធានី ដែលមានជនពិការសរុប ចំនួន៦២៤នាក់ (ស្រី៣០៨នាក់) ក្នុងនោះ ជនពិការកំរិតស្រាល ចំនួន២៣នាក់ កំរិតធ្ងន់ ចំនួន៦០១នាក់ សរុបថវិកា អស់ចំនួន១៤៧,០០០,០០០រៀល។

ដោយឡែកនៅថ្ងៃនេះ ពួកគាត់បានអញ្ជើញមកពីសង្កាត់ទាំង០៥ ក្នុងខណ្ឌព្រែកព្នៅ រួមមាន៖
១- សង្កាត់គោករកា ចំនួន ៥៣០នាក់
២- សង្កាត់ពញាពន់ ចំនួន ៣៤ នាក់
៣- សង្កាត់ព្រែកព្នៅ ចំនួន ៤៧ នាក់
៤- សង្កាត់ពន្សាំង ចំនួន ០៨ នាក់
៥- សង្កាត់សំរោង ចំនួន ០៥ នាក់៕