(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសអំពីចំណាត់ការរបស់ខ្លួនលើបុគ្គល ឈ្មោះ ឱក ពុទ្ធី ដែលមានស្វាមីជាជនជាតិអូស្ត្រាលី ដែលបានធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំលិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិរក្សដោយខុសច្បាប់ ក្នុងឃុំប្រម៉ោយ។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន មន្ទីរបរិស្ថានបានបញ្ជាក់ថា បុគ្គលឈ្មោះ ឱក ពុទ្ធី ដែលមានស្វាមីជាជនជាតិអូស្ត្រាលី មានទីលំនៅ នៅរាជធានីភ្នំពេញ បានចេញមកទាមទារកាន់កាប់ដីធ្លី ថែមទាំងបានធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំ លិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិរក្សដោយខុសច្បាប់ នៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសបង្កើតឡើងដោយ ព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលផ្តល់សមត្ថកិច្ចជូនក្រសួងបរិស្ថានគ្រប់គ្រង និងអភិរក្ស។

មន្ទីរបរិស្ថានបានបន្តថា ចំពោះករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមគូសបញ្ជាក់ដូចខាងក្រោម៖

១៖ នៅឆ្នាំ២០០៦ អ្នកស្រី ឱក ពុទ្ធី បានទិញដីព្រៃឈើដោយខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គ្រប់គ្រងអភិរក្សដោយក្រសួងបរិស្ថាន និងដីគម្របព្រៃឈើ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយបច្ចុប្បន្ននេះផ្ទៃដីនេះ ត្រូវបានផ្ទេរការគ្រប់គ្រងមកក្រសួងបរិស្ថានវិញ ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានទំហំ ៥០(ហាសិប) ហិកតា នៅចំណុចស្រែពាំង ភូមិសាស្ត្រភូមិស្ទឹងថ្មី ឃុំប្រម៉ាយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

២៖ ជារៀងរហូតមក រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលមានកាតព្វកិច្ចការពារដីរដ្ឋ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិ តែងតែបានចុះមកហាមឃាត់ ការធ្វើសកម្មភាពលើទីតាំងនេះជាច្រើនលើកច្រើនសារ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានចេញដីកាដកហូតដីនេះ កាលពីខែកក្កដា ឆ្នាំ២០០៩ ហើយក្រសួងបរិស្ថាន ក៏បានចេញលិខិតលេខ ៤៣៦ សជណ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ បដិសេធការទាមទារនេះដែរ។ ចាប់តាំងពីការចេញដីកាដកហូតដី នេះមកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានសាងសង់ទីស្នាក់ការមួយនៅលើទីតាំងនោះដើម្បីការពារ និង អភិរក្សធនធានធម្មជាតិ។ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ជាមន្ត្រីនគរបាលយុត្តិធម៌ មានភារកិច្ចក្នុងការ អភិរក្សធនធានធម្មជាតិ បានខិតខំផ្សព្វផ្សាយអំពីច្បាប់ ចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធាន ធម្មជាតិ ព្រមទាំងបានឃាត់ខ្លួនជនល្មើស ធ្វើការអប់រំ និងពេលខ្លះ បានកសាងសំណុំរឿងជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាការពារ និងអភិរក្ស តំបន់ការពារធម្មជាតិ សម្បត្តិធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់តទៅទៀត។

៣៖ ការទាមទារកាន់កាប់ដីស្ថិតនៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ ឈ្មោះ ឱក ពុទ្ធី និងស្វាមីជនជាតិអូស្ត្រាលី ពុំស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ឡើយ ហើយដីទាំងនេះក៏ស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំសំកុស ដែលការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ ត្រូវតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដីសម្បទានសង្គមកិច្ច ដីប្រទានកម្ម ឬដីដែលត្រូវបានកំណត់ថា ជាតំបន់សហគមន៍ ផ្អែកតាម មាត្រា ១១ ជំពូកទី៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

៤៖ យោងតាមផ្លូវច្បាប់ បុគ្គលឈ្មោះ ឱក ពុទ្ធី គ្មានសិទ្ធិទាមទារដីនេះមកវិញឡើយ ហើយក៏គ្មានសិទ្ធិលក់ដូរ ឬផ្ទេរកម្មសិទ្ធិដីព្រៃរបស់រដ្ឋទៅបុគ្គលណាម្នាក់ឡើយ។ ទង្វើរបស់បុគ្គល ឱក ពុទ្ធី និងស្វាមី ដែលបានព្យាយាមម្តងហើយម្តងទៀត ក្នុងការកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ហើយថែមទាំងបាន ប្រើប្រាស់ការគំរាមកំហែងមកលើមន្ត្រីអនុវត្តច្បាប់ថែមទៀត គឺជាទង្វើខុសច្បាប់ទាំងស្រុង និងប្រមាថលើ មន្ត្រីរាជការសាធារណៈ។ បុគ្គល ឱក ពុទ្ធី ពុំដែលបានចូលរួមគោរពច្បាប់ទេ ថែមទាំងឃុបឃិតជាមួយមន្ត្រីខិលខូចមួយចំនួនតូចបានយកដីដែលខ្លួនកាន់កាប់ដោយខុសច្បាប់នេះ ទៅលក់បន្តឱ្យអ្នកដទៃទៀតដោយបំពាន ហើយទង្វើទាំងនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលជាអង្គភាពការពារដីរដ្ឋនៅក្នុងតំបន់ការពារ ធម្មជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តពោធិ៍សាត់រួចរាល់ហើយដែរ ក្រោមសំណុំរឿងលេខ ០៥៥/២១ សក.បស្ថ.ពស ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរង់ចាំតែការអនុវត្តនីតិវិធីច្បាប់។

៥៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់សូមរំឭកថា ក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់រួចហើយថា ការទន្ទ្រានកាន់កាប់ ការលក់ដូរ ឬការផ្ទេរដីក្នុងឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃ- គឺជាទង្វើខុសច្បាប់ដែលត្រូវ ប្រឈមមុខនឹងច្បាប់ជាធរមាន។ ដីតំបន់ការពារធម្មជាតិជាដីសាធារណៈរបស់រដ្ឋ ហើយកា

រប្រើប្រាស់ ការបែងចែកឬធ្វើប្រទានកម្មដីក្នុងតំបន់ការពារធម្មជាតិ លុះត្រាតែមានការសម្រេចយល់ព្រមពីរាជរដ្ឋា ភិបាល។ ដូច្នេះគ្មានជនណាម្នាក់អាចទន្ទ្រានកាន់កាប់ លក់ដូរ ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬបញ្ជាក់លើលិខិត ស្នាមកាន់កាប់ ឬលក់ដូរដីក្នុងតំបន់ការពារធម្មជាតិបានឡើយ»៕