(ភ្នំពេញ)៖ សម័យសង្គមរាស្ត្រនិយមដ៏អស្ចារ្យរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យេីងមានពហុកីឡដ្ឋានជាតិអូឡាំពិក និងតារាងបាល់ទាត់ដ៏ល្បាញល្បីក្នុងតំបន់។

ព្រោះតែសង្គ្រាម ការបែកបាក់ជាតិ នាំជាតិរបស់យេីងខ្ទេចខ្ទាំ និងអន់ថយ។ យេីងត្រូវរង់ចាំរយ:ពេល៥៧ឆ្នាំ រាប់ចាប់ពីថ្ងៃសម្ពោធពហុកីឡដ្ឋានជាតិអូឡាំពិក ទេីបយេីងមានពហុកីឡដ្ឋាន និងតារាងបាល់ទាត់ថ្មីមួយទៀត ដែលយេីងប្រសិទ្ធនាមថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» និង «វិមានកីឡដ្ឋាន»។

សមិទ្ធផលដែលប្រជាជាតិកម្ពុជារួមគ្នាសម្ពោធក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាសមិទ្ធផលដ៏មហាសាល និងមហាអស្ចារ្យ។

សមិទ្ធផលនេះមិនមែនជាសមិទ្ធផលក្នុងក្តីស្រមៃឡេីយ តែជាសមិទ្ធផលមួយដែលនិមិត្តរូបរាងយ៉ាងពិតប្រាកដ ក្រោយយេីងប៉ងប្រាថ្នាយ៉ាងអន្ទះសាអស់កាលជាយូរ។

សមិទ្ធផលនេះបាននាំមកនូវភាពរីករាយ និងមោទនភាពដ៏អស្ចារ្យក្នុងនាមយេីងជាប្រជាជាតិដែលធ្លាប់អន់ថយព្រោះវិបត្តិនៃភ្លេីងសង្គ្រាម។ ព្រះសង្ឃ ថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្ស ប្រមាណ២ម៉ឺននាក់ ដែលបាននិមន្ត និងអញ្ជេីញចូលរួមក្នុងពិធីសម្ពោធនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ សុទ្ធតែបានបង្ហាញនូវស្នាមញញឺមយ៉ាងពព្រាយ ។

នៅពេលរសៀលនៃថ្ងៃសម្ពោធដោយមានការអនុញាតឱ្យចូលទស្សនានោះ ប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញជាច្រេីនបានចូលទស្សនា ថតរូបជាអនុស្សាវរីយ៍ ជាមួយទឹកមុខបង្កប់ដោយស្នាមញញឹម។ ស្នាមញញឹមនេះ ជាសញ្ញាបង្ហាញនូវការស្វាគមន៍ និងអំណររីករាយជាពន់ពេក ចំពោះវត្តមានវិមានកីឡដ្ឋាន។

មានកត្តាច្រេីនណាស់ដែលនាំឱ្យលេចចេញនូវវត្តមានសមិទ្ធផលដ៏មហាសាល និងពេញដោយមហាកិត្តិនៃជាតិសាសន៍កម្ពុជា។ ក្នុងនោះសុខសន្តិភាពដែលកម្ពុជារកបានដោយពេញលេញជាងពីរទសវត្សរ៍ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ជាបុព្វលក្ខណ្ឌចម្បង ។ បន្ទាប់ពីនោះ គឺមហិច្ឆតារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ សែន និងប្រជាជាតិខ្មែរទាំងមូលដែលស្រេកឃ្លាន និងមានមហិច្ឆតាដ៏ជ្រាលជ្រៅចង់បានសមិទ្ធបម្រេីដល់វិស័យកីឡា ដែលជាវិស័យតំណាងឱ្យសន្តិភាពពិភពលោក។

ក្រៅពីនេះនយោបាយការទូតកម្ពុជា-ចិន ដែលផ្តួចផ្តេីមដោយសម្តេច នរោត្តម សីហនុ និងមេដឹកនាំជំនាន់មុន ត្រឹមទំនាក់ទំនងរួមគ្នាការពារអធិបតេយ្យភាព ពីការជិះជាន់របស់ប្រទេសធំ ប្រែក្លាយជាសម្ព័ន្ធមិត្តដែកថែប ក្នុងពេលបច្ចុប្បន្ន បានក្លាយជាចលករដ៏សំខាន់ សម្រាប់សមិទ្ធផលជាប្រវត្តិសាស្ត្រមួយនេះ។ វិមានកីឡដ្ឋាន សាងសង់ដោយជំនួយរបស់ចិន ១៥០លានដុល្លារ ដែលជាជំនួយដ៏មហាសាល។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអះអាងថា ជំនួយសាងសង់វិមានកីឡដ្ឋាន ជាជំនួយដ៏ធំមិនធ្លាប់មាននៃជំនួយដែលចិនជួយប្រទេសជាមិត្ត។

លោក វ៉ាង យី បានថ្លែងថា កម្ពុជាជាមិត្តដ៏ពិសេសរបស់ចិន ទេីបចិនផ្តល់ជំនួយដ៏ពិសេសនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វត្តមានវិមានកីឡដ្ឋាន បង្ហាញឱ្យឃេីញនូវទឹកចិត្តដ៏ធំទូលាយរបស់ចិនដែលគ្មានអ្វីប្រៀបបាននោះឡេីយ។

ក្រៅពីនេះ កម្លាំងឆន្ទ:មនសិកាដ៏មុះមុតរបស់ជំនាញការ ចិន បុគ្គលិក និងកម្មករសរុប ៨២០នាក់ បានរួមគ្នាយ៉ាងប្តូរផ្តាច់ក្នុងការសាងសង់ ដោយជម្នះនូវការលំបាកទាំងឡាយ រួមទាំងការរាតត្បាតជំងឺកូវីដ១៩ផងដែរ។ ទោះបីកូវីដ១៩ បានបង្អាក់សម្មភាពនានា តែព្យុះចិត្តនៃការចង់ឱ្យកីឡដ្ឋានដ៏ទំនេីបលេខចេញជារូបរាងនោះ កូវីដ១៩ មិនអាចបង្អាក់សកម្មភាពសំណង់នោះឡេីយ។ ទីបំផុងសំណង់ដ៏ស្កឹមស្កៃនេះ បានសម្រេចតាមផែនការគ្រោងទុក ដោយចំណាយពេលសាងសង់៤៨ខែ។

ដូច្នេះសុខសន្តិភាព ភាពជាអ្នកដឹកនាំ នយោបាយការទូត និងមហិច្ឆតានៃការលេីកតម្កេីងកិត្យានុភាពជាតិ បានជំរុញឱ្យកម្ពុជាទទួលបាននូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ នេះឡេីង។

វិមានកីឡដ្ឋាន ជាកីឡដ្ឋានដែលទំនេីបបំផុតមួយក្នុងចំណោមកីឡដ្ឋានល្បីៗក្នុងតំបន់ និងលេីពិភពលោក។ ដូច្នេះសមិទ្ធផលនេះ បាននាំមកវិញនូវមោទនភាពជាតិ និងកិត្យានុភាព សម្រាប់ជាតិកម្ពុជា ដែលត្រូវបាត់បង់ដោយសារតែជម្លោះ ការបែកបាក់ជាតិ និងភ្លេីងសង្គ្រាមកាលពីអតីតាល។

សល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ជាខួប២៣ឆ្នាំនៃការរកបាននូវសុខសន្តិភាព ការបង្រួបបង្រួម និងឯកភាពទាំងស្រុងក្នុងសង្គមកម្ពុជា ( ២៩ ខែធ្នូ ១៩៩៨ -២៩ ខែធ្នូ ២០២១)។ សមិទ្ធផលវិមានកីឡដ្ឋាន ដែលបានសម្ពោធនៅថ្ងៃនេះ ហាក់បានរំលឹកដល់ប្រជាជាតិកម្ពុជាថា សុខសន្តិភាពមានគុណតម្លៃ និងភាពចាំបាច់ណាស់ ក្នុងការនាំមកនូវសមិទ្ធផលជាសម្បត្តិដ៏មហាអស្ចារ្យសម្រាប់ជាតិ ដែលទាមទារឱ្យរួមគ្នារក្សាឱ្យបានជាដាច់ខាត មិនអាចធ្វេសប្រហែសឱ្យនរណាម្នាក់មកប្រលេះបានឡេីយ។

ជយោសន្តិភាព ជយោសមិទ្ធផលដ៏អស្ចារ្យរបស់ជាតិកម្ពុជា «វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានមរតកតេជោ»៕

ដោយ៖ វ៉ាន់ សារាយ