(ភ្នំពេញ)៖ កម្ពុជាបានបន្តរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ចំនួន២ករណីថែមទៀត លើអ្នកដំណើរមកពីក្រៅប្រទេស ធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» សរុបមានចំនួន៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

អ្នកជំងឺទាំង២នាក់ ដែលទើបរកឃើញឆ្លងវីរុសបំប្លែងថ្មី «អូមីក្រុង» រួមមាន៖  ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ បានត្រឡប់មកពីទីក្រុងតិចសាស់ សហរដ្ឋអាមេរិក ធ្វើដំណើរតាមជើងហោះហើរ ឆ្លងកាត់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា និងជនជាតិខ្មែរអាយុ៣៣ឆ្នាំ បានត្រឡប់មកពីប្រទេសបារាំង ធ្វើដំណើរតាមជើងហោះហើរ ឆ្លងកាត់ប្រទេសសិង្ហបុរី មកដល់កម្ពុជា។

អ្នកទាំង២នាក់នេះ ត្រូវបានធ្វើតេស្តវិភាគថាឆ្លងកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន ឲ្យបានម៉ត់ចត់ ជាពិសេសវិធានការ «៣កាពារ ៣កុំ» និងចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលដល់វេនលោកអ្នកឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមសហគមន៍របស់យើង។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី «អូមីក្រុង» សរុបចំនួន៤ករណីហើយ។ ករណីទី១ លើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ ត្រឡប់មកពីប្រទេសហ្គាណា, ករណីទី២ លើបុរសជនជាតិអៀរ៉ង់ អាយុ២៥ឆ្នាំ ដែលមកពីប្រទេសកេនយ៉ា។ ចំណែករណីទី៣ និងទី៤ លើជនជាតិខ្មែរអាយុ៣៣ឆ្នាំ និង៤៨ឆ្នាំ ដែលត្រឡប់មកពីប្រទេសបារាំង និងអាមេរិក ដែលក្រសួងសុខាភិបាលទើបប្រកាសនៅយប់ថ្ងៃទី១៨ ខែធ្នូនេះ៕