(ភ្នំពេញ)៖ បន្ទាប់ពីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការហេីយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលទស្សនាវិមានកីឡដ្ឋានផងដែរ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

មនុស្សម្នាជាច្រើននាក់ បានចូលទៅទស្សនាវិមានកីឡដ្ឋានជាលក្ខណៈគ្រួសារ។ គ្រួសារខ្លះពេលចូលមើល និងអង្គុយលំហែរផ្ទៃខាងក្នុងនៃសំណង់ហើយ ក៏ត្រឡប់ទៅគេហដ្ឋានវិញ តែគ្រួសារក៏អង្គុយរង់ចាំទស្សនាការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

ប្រជាពលរដ្ឋដែលបានចូលទស្សនា បានបង្ហាញនូវអារម្មណ៍រីករាយ និងមានមោទនភាពជាខ្លាំងចំវត្តមានកីឡដ្ឋានដ៏ស្កឹមស្កៃកម្រិតស្តង់ដាអន្តរជាតិនេះ។

ពួកគេបង្ហាញការស្ញប់ស្ញែងចំពោះកិច្ចប្រឹងប្រែងទាំងឡាយនាំឱ្យសំណង់វិមានកីឡដ្ឋាននេះលេចចេញជារូបរាង។

សូមបញ្ជាក់ថា វិមានកីឡដ្ឋានស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។ ពិធីសម្ពោធមហាសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ មានមហាជនចូលរួមប្រមាណជា ២ម៉ឺននាក់។

វិមានកីឡដ្ឋានត្រូវបានសាងសង់ឡើងលើផ្ទៃដី ៨៦,០០០ម៉ែត្រក្រឡា ដែលអាចផ្ទុកអ្នកទស្សនាបាន ចំនួន៦ម៉ឺននាក់ ចំណាយថវិកា ១៥០លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ សំណង់នេះប្រើប្រាស់កម្លាំងពលកម្ម ដែលជាបុគ្គលិក និងកម្មករជំនាញចិន ២៧០នាក់ និងកម្មករជំនាញ កម្លាំងពលកម្មខែ្មរចំនួន ៥៥០នាក់។

វិមានកីឡដ្ឋាន ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់ វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល ៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

វិមានកីឡដ្ឋាននេះ សាងសង់ឡើងក្រោមទស្សនទានប្រជាសាសន៍ជាធំ ដែលជាគោលដៅបម្រើសុខុមាលភាព សោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។ ក្នុងនោះ ធាតុផ្សំនៃអរិយធម៌ ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា៖
*រូបរាងសំពៅ និមិត្តរូបដៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។
* ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់ ៩៩ម៉ែត្រ ជាសក្ខីភាពនៃថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព
សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាននេះបានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដារ កីឡាអន្តរជាតិ ដែលអាចជួយអោយកម្ពុជាកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមាន៖ ស្រ្គីន LED ចំនួន៤ (ខាងក្នុង៣ ខាងក្រៅ១) មានហាងលក់ទំនិញ,កន្លែងតាំងពិព័ណ៌,មានចំនួន៣៤បន្ទប់សណ្ឋាគារ និងមានបន្ទប់១៧ទៀត ជាលក្ខណៈ VIP សម្រាប់ទស្សនាកីឡា ។

ជាងនេះទៀត វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដាសុវត្ថិភាពខ្ពស់ ពោលគឺអាចជម្លៀសមនុស្ស ៦ ម៉ឹននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ ៧នាទីប៉ុណ្ណោះ ។ វិមានកីឡដ្ឋាននេះមានច្រកទ្វារចំនួន ៥៤សម្រាប់ចេញចូលទៅទស្សនាកីឡា មានបន្ទប់ទឹក ចំនួន៩៣ តំបន់ ស្មើនឹង ៨៦៣ បង្គន់អនាម័យ ៕