(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

តាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណី និងភាពជាអ្នក ជិតខាងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕