(ភ្នំពេញ)៖ ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាលយ៉ាងច្រើន ដោយអនុវត្តតាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់មន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល ក៏បានប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការថ្មីចំនួន ៦០នាក់ផងដែរ។

នាកាសនោះដែរ លោក ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល គឺជាសេនាធិការមួយយ៉ាងសំខាន់របស់យុវជនថ្នាក់កណ្តាលគណបក្ស ដោយបានខិតខំបំពេញការងារយ៉ាងសកម្មក្រោមឆត្រ នៃយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ដោយបានសហការជាមួយផ្នែកផ្សេងៗទៀត នៃយុវជនថ្នាក់កណ្តាល ព្រមទាំងបានសហការជាមួយក្រុមយុវជននៅតាមក្រសួង ស្ថាប័ន រៀបចំបង្កើត កែសម្រួល បំពេញបន្ថែមសមាសភាព រចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សនៅតាមក្រសួង ស្ថាប័ន ស្របតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មការកណ្តាល ជាពិសេសការណែនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕