(កំពង់ធំ)៖ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះប្រគល់ផ្ទះថ្មី១ខ្នងជូនជនពិការក្រីក្រនៅខេត្តកំពង់ធំ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកអភិបាលរងស្រុកបារាយណ៍ ប្រធានសាខាមូលនិធិជនពិការខេត្ត អាជ្ញាធរឃុំបល្ល័ង្ក និងប្រជាពលរដ្ឋជាច្រើនរូប។

ជំនួសមុខឱ្យគ្រួសារជនពិការ និងក្នុងនាមអាជ្ញាធរមូលដ្ឋានលោក ហួត ចាន់ថៃ អភិបាលរងស្រុកបារាយណ៍ បានថ្លែងអំណរគុណដល់មូលនិធិជនពិការ ដែលបានសាងសង់ផ្ទះ១ខ្នងទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ជូនដល់គ្រួសារលោក សុន សុភ័ក្រ្ក ជាជនពិការដៃទាំង២ រស់នៅភូមិដូង ឃុំបាល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលពិតជាបានចូលរួមកាត់បន្ថយទុក្ខលំបាករបស់គ្រួសារគាត់។

ក្នុងពិធីនេះលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា ដោយមានកិច្ចសហការល្អរវាងសាខាមូលនិធិជនពិការខេត្ត ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក៏ដូចជាមានការសម្របសម្រួលពីអាជ្ញាធរឃុំ និងតាមរយៈគណកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ មូលនិធិជនពិការបានសម្រេចផ្តល់ផ្ទះ១ខ្នងនេះដល់គ្រួសារលោក សុន សុភ័ក្រ្ក ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់គាត់និងក្រុមគ្រួសារ។ លោកនាយកបានបន្តថា ថវិកាដែលយកមកសាងសង់នេះ គឺបានពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងចំណូលផ្សេងទៀតរបស់មូលនិធិជនពិការ។

ក្រៅពីផ្ទះ១ខ្នងនេះ គ្រួសារជនពិការខាងលើក៏ទទួលបាននូវអំណោយសប្បុរសធម៌មួយចំនួនទៀតពីមូលនិធិជនពិការរួមមាន ថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងអំបិល២កញ្ចប់។ បន្ថែមលើនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក៏បានឧបត្ថម្ភនូវអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ និងលោកអភិបាលរងស្រុកបារាយណ៍ ក៏បានជួយឧបត្ថម្ភនូវថវិកា១០ម៉ឺនរៀលដល់គ្រួសារម្ចាស់ផ្ទះផងដែរ។ ចំពោះប្រជាពលរដ្ឋចូលរួមក្នុងពិធីក៏ទទួលបានថវិកាមួយចំនួនពីលោកនាយកមូលនិធិជនពិការផងដែរ៕