(កំពង់ស្ពឺ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសម្ភារៈអនាម័យទឹកស្អាត ដោយបំពាក់ម៉ូទ័របូមទឹក និងធុងស្តុកធ្វើពីផ្លាស្ទីកចំណុះ ២,០០០លីត្រ នៃអណ្តូងទឹកស្អាតចំនួន៨កន្លែង និងទីតាំងលាងសម្អាតដៃ២១កន្លែង ស្ថិតនៅក្នុងសាលារៀនចំនួន២១ ក្នុងចំណោមសាលា២៦ នៅស្រុកឱរ៉ាល់ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាស្ទឹងឃ្លៀច ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសលោកស្រី អគ្គលេខាធិការ បានពាំនាំព្រះរាជបន្ទូលសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិតស្រឡាញ់ ថ្វីត្បិតតែហ្លួងម៉ែ និងសម្តេចសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានយាង និងអញ្ជើញមកផ្ទាល់ក៏ដោយ ប៉ុន្ដែតែងតែគិតគូរដល់ប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

លោកស្រីអគ្គលេខាធិការបានមានប្រសាសន៍បន្ថែមថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឲ្យកាកបាទក្រហមកម្ពុជា ល្បីរន្ទឺទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលធ្វើឲ្យសប្បុរសជនមានការជឿជាក់ និងចូលរួមឧបត្ថម្ភលើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពិតប្រាកដមែន»។ សម្រាប់សម្ភារអនាម័យទឹកស្អាត (អណ្តូងទឹកស្អាត និងកន្លែងលាងដៃ)ទាំងនេះ មានការឧបត្ថម្ភគាំទ្រពី កាកបាទក្រហមកូរ៉េ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ និងWoori Finance group នៅក្នុងប្រទេសកូរ៉េ។

លោកស្រីអគ្គលេខាធិការបានបន្តទៀតថា «រយៈពេលជាង២ឆ្នាំមកនេះ មិនថាប្រទេសកម្ពុជា និងសកលលោកនោះទេ បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរនៃវីរុសកូវីដ១៩។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយដៃម្ខាងខិតខំអភិវឌ្ឍន៍ប្រទេស និងរក្សាសន្តិភាព និងដៃម្ខាងទៀតខិតខំរិះរកមធ្យោបាយគ្រប់បែបយ៉ាង ព្រមទាំងបង្កើតយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩»

ទន្ទឹមនឹងនោះ លោក សុខ ភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា ជាពិសេសសម្តេច បានជួយទំនុកបម្រុងថវិកា សម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩កន្លងមក។ ការផ្តល់អណ្តូង និងកន្លែងលាងដៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដើម្បីឲ្យពួកគាត់មានទឹកគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលា តាមត្រូវការ និងសូមបួងសួងវត្ថុស័ក្កិសិទ្ធក្នុងលោក ប្រទាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕