(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ១,៨១៤កេស (ស្មើនឹង ២៥,០២៤ដប) បានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពស្រុក រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជា។

ជែលលាងដៃចំនួន ៩០០កេស (ស្មើនឹង ១៤,៤០០ដប) ជូនដល់ប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង ក្នុងនោះប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ចំនួន៦ក្រុងស្រុក សរុប ១៦០កេស, មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៧០កេស មណ្ឌលសុខភាពទាំង១៧ សរុប ៦០៥កេស និងសាខាកក្រកខេត្ត ៦៥កេស និងប្រគល់ជែលលាងដៃចំនួន ៩១៤កេសទៀត (ស្មើនឹង ១៤,៦២៤ដប) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំងមន្ទីរពេទ្យបង្អែកទាំង៥ ការិយាល័យស្រុកប្រតិបត្តិទាំង៣ និងអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៦ក្រុង-ស្រុក ក្នុងខេត្តក្រចេះ។

ពិធីប្រគល់-ទទួលនៅចុងសប្ដាហ៍នេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។

លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានបន្តថា «បុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រគន្លឹះ និងចក្ខុវិស័យដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមជាមួយការលើកកម្ពស់ការយល់ដឹងពីវិធានការទប់ស្កាត់ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប្រទេសកម្ពុជាយើង ឈានដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយសង្ឃឹមជឿជាក់ថា ខ្លឹមសារនៃយុទ្ធសាស្ត្រស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ ដើម្បីធានានូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត បានលើកឡើងថា «ជែលលាងដៃទាំងអស់នេះ ជាអំណោយរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង២៥៩,២០០ដប) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះប្រគល់ជែលទាំងអស់ជូនដល់សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត»។

ព្រមជាមួយគ្នានោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីជួរមុខតាមគោលដៅ ក្នុងការរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕