(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ការយកព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង ជាវេទិកានយោបាយរបស់ប្រទេសលោកខាងលិច គឺជាការបំពុលយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញអូឡាំពិក។

លោកអគ្គរដ្ឋទូតចិនបានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក វ៉ាង វិនធាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ អ្នកនយោបាយក្នុងប្រទេសលោកខាងលិចមួយចំនួន បន្តនិយាយផ្ដេសផ្ដាសលើអ្វីដែលគេហៅថា"រារាំងការទូត" លើកីឡាអូឡាំពិករដូវរងាប៉េកាំង នេះសុទ្ធតែជាការនិយាយបំផ្លើសបំភ្លៃ ប្រើល្បិចកលសម្រាប់នយោបាយ»

លោកបានបន្តថា «វាគឺជាការបំពុលយ៉ាងធ្ងន់ធ្ងរលើស្មារតីរបស់"រដ្ឋធម្មនុញ្ញនៃអូឡាំពិក" គឺជានយោបាយញុះញង់ ហើយក៏រឹតតែជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើដល់ប្រជាជនចិនជាង១.៤ពាន់លាននាក់។ មានតែធ្វើឱ្យប្រជាជនចិននិងជុំវិញពិភពលោកមើលឃើញកាន់តែច្បាស់អំពីគំនិតនិងមុខមាត់លាក់ពុតរបស់ក្រុមនយោបាយមួយចំនួនដែលតែងប្រឆាំងនឹងចិន»

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសជាផ្លូវការអំពីការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការកីឡាអូឡាំពិករដូវរងារ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ក្រោយការប្រកាសបែបនេះ ប្រទេសចិនបានព្រមានថា ការធ្វើពហិការផ្នែកការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា អាចប៉ះពាល់ដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ ហើយចិនក៏បានអំពាវនាវកុំឱ្យសហរដ្ឋអាមេរិក យករឿងនយោបាយ ទៅលាយឡំជាមួយរឿងកីឡាផងដែរ។

ប្រទេសចិនក៏បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនាំយកនយោបាយ មកលាយឡំក្នុងវិស័យកីឡា ដោយទីក្រុងប៉េកាំងបានសង្កត់ធ្ងន់បន្ថែមទៀតថា ការធ្វើពហិការនេះគឺជាទង្វើផ្ទុយស្រឡះ ពីគោលការណ៍នៃកីឡាអូឡាំពិក៕