(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបង្ហាញពីជំហរក្នុងការជួយលើកកម្ពស់ វិស័យអប់រំបែបស្ទែម (STEM) នៅក្នុងប្រទេសកម្ពុជា។ ស្ទែម សម្តៅលើមុខជំនាញផ្នែកវិទ្យាសាស្រ្ត (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics)។

ជំហរនេះបានបង្ហាញឡើងតាមរយៈលោក Kim Jun Su នាយករងកយកា ប្រចាំនៅកម្ពុជា ក្នុងកម្មវិធីចែករង្វាន់ជ័យលាភីគម្រោងស្ទែម (Start-up) ដល់សិស្សនៃវិទ្យាល័យព្រះស៉ីសុវត្ថិ NGS នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

លោក Kim Jun Su បានបន្ថែមថា បច្ចុប្បន្ននេះ កយកាបានជួយគម្រោងស្ទែម ដល់សាលាចំនួន ៦សាលាហើយ នៅក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តមួយចំនួនដូចជា កណ្តាល តាកែវ កំពង់ចាម និងព្រៃវែង។ លោកបន្តថា កយកា នឹងផ្តល់ការជួយគម្រោងស្ទែម រហូតដល់ទៅ ២០សាលារៀនឯណោះ ប៉ុន្តែមិនទាន់ជ្រើសរើសសាលានោះទេ។

សម្រាប់វិទ្យាល័យព្រះស៉ីសុវត្ថិ NGS គឺខាង កយកា បានផ្តល់គ្រូបច្ចេកទេសសម្រាប់ដឹកនាំ មកបង្ហាត់បង្ហាញលោកគ្រូអ្នកគ្រូរបស់សាលានេះ និងជួយសម្ភារៈ ពេលដែលសិស្សត្រូវការផងដែរ។

កយកា ឧបត្ថម្ភទាំងស្មារតី និងថវិកា ដើម្បីផ្តល់ឲ្យសិស្សរៀនស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ អាចឲ្យសិស្សបង្កើតជាអាជីព ឬហៅថាសហគ្រិនភាព ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់កម្ពុជា៕