(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) រាជធានីភ្នំពេញ ដឹកនាំក្រុមការងារបាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះ លោក រ៉ូហ្វី អូស្មាន បានចូលរួមរំលែកទុក្ខ និងសោកស្តាយដល់ប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះ និងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដែលអាចកេីតជាយថាហេតុណាមួយ ដែលមិនអាចដឹងមុនទេ ហេីយក៏សូមកុំបាក់ទឹកចិត្តឲ្យសោះ ត្រូវតស៊ូទៅមុខបន្តទៀត។ ជាចុងក្រោយ លោកសង្ឃឹមថានឹងមានសប្បុរសជនមកជួយបងប្អូនបន្តបន្ទាប់ទៀត យើងរួមសុខ រួមទុក្ខជាមួយគ្នា ថ្នាក់ដឹកនាំមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះរួមមាន ថវិកាបានមកពី ស.យ.ម.ក ថ្នាក់កណ្តាល ចំនួន៧,៦០០,០០០រៀល សម្រាប់ផ្ទះ១៩ខ្នង ដោយក្នុងមួយខ្នង ទទួលបាន៤០ម៉ឺនរៀល, ថវិកាបានមកពីការរៃអង្គាសរបស់ក្រុមរកថវិកាជួយជនក្រីក្រ បានចំនួន១,៩៦១,០០០រៀល សម្រាប់៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល និងជូនកម្លាំង ស.យ.ម.ក ១៦១,០០០រៀលផងដែរ។

ដោយឡែក អំណោយជាកញ្ចប់អាហារទទួលបានពី អង្គការ Yetim Eli ( យ៉េតីម អេលី) តាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចំនួន១,៥០០ដុល្លារ សម្រាប់៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្គរ៥០គីឡូក្រាម, មី១កេស, ពងទា៣០គ្រាប់, ទឹកត្រី១យួរ និងប្រេងឆា២លីត្រ៕