(ភ្នំពេញ)៖ ការសរសេរ News Feature ឬបទយកការណ៍ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh NEWS (FTC) ត្រូវបានបញ្ចប់ដោយជោគជ័យហើយ។ នៅសប្ដាហ៍ទី៩នេះ ថ្នាក់សិក្សានៃ FTC ត្រូវបានលោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌល ពន្យល់លម្អិតអំពីការសរសេរ Lead នៃបទយកការណ៍ (News Feature) និងការទាញចូលល្បះខ្លឹមនៃអត្ថបទ(Nut Graph)។

ចំណុចនេះត្រូវបានព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានខាងលើណែនាំថា៖ «នៅពេលដែលយើងយល់ពីការសរសេរព័ត៌មាន និងបទយកការណ៍ច្បាស់ ដើម្បីដឹងពីប្រធានបទសំខាន់នៃព័ត៌មានក្ដៅ គឺគេមើលតែ Lead គឺដឹងហើយ។ ចំណែកឯបទយកការណ៍ (News Feature) គឺគេគ្រាន់តែមើលនៅត្រង់ចំណុចល្បះខ្លឹម(Nut Graph) គឺយើងអាចដឹងថា អត្ថបទនេះចង់ផ្ដោតសំខាន់ទៅលើអ្វីដូចគ្នា»

នៅក្នុងថ្នាក់សិក្សានេះ គ្រូបង្គោលនៃFTC បានចែករំលែកបទពិសោធន៍ជាង៣ទសវត្សរ៍ថា បើទោះជាក្នុងភាសាខ្មែរគេប្រើពាក្យបទយកការណ៍ដូចគ្នាមែន ប៉ុន្តែរវាង News Feature និង Feature Story គេជាប្រភេទអត្ថបទពីរដោយឡែកពីគ្នា។ ដោយ News Feature គឺជាប្រភេទបទយកការណ៍ដែលសរុបពីក្រោយព្រឹត្តិការណ៍ព័ត៌មានក្ដៅ ខណៈFeature Story គឺជាអត្ថបទបទយកការណ៍ ដែលសរសេរអំពីរឿងណាមួយដែលមិនមែនដកចេញពីព្រឹត្តិការណ៍ព័ត៌មាន។ តែត្រូវបានអ្នកព័ត៌មានសរសេរឡើងដើម្បីបំផុស ឲ្យអ្នកអាន ឬអ្នកស្ដាប់ចាប់អារម្មណ៍។

រយៈពេល៨សប្ដាហ៍កន្លងទៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានសិក្សាអំពីទ្រឹស្ដី News Value, ការថ្លឹង 5wh’s និងការសរសេរ Spot News ដែលមានការសរសេរប្រាប់តម្រុយព័ត៌មាន(Lead), ការសរសេរផ្នែកលម្អិតនៃព័ត៌មាន (Body) និង ការសរសេរផ្នែកចុងក្រោយនៃព័ត៌មាន (Conclusion) ព្រមទាំងបានសិក្សាអំពីការធ្វើបច្ចុប្បន្នភពព័ត៌មាន (News Update ឬ News Developing)។

វគ្គសិក្សានៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ធ្វើឡើងរយៈពេល៣ខែ ដោយមានសិក្ខាកាមជាបុគ្គលិកនៃអង្គភាពព័ត៌មាន Fresh News ដោយផ្ទាល់ប្រមាណ៣០នាក់។ ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាពព័ត៌មាន Fresh News និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។

ថ្នាក់សិក្សានេះមានលោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធាននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់។ ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334