(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការផ្អាកជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ជំនួសមន្រ្តីដែលចូលនិវត្តន៍ សម្រាប់ឆ្នាំ២០២២ ដើម្បីសន្សំថវិកា សម្រាប់ជួយអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ខណៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផ្ញើជូនរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានឱ្យដឹងថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិយាការណ៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩, តាមចំណារឯកភាពដ៏ខ្ពស់ខ្ពង់ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ លើលិខិតលេខ ៨២១៩ សហវ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ លើការជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២៖

* មិនអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃ ដែលមានគោលការណ៍ដោយឡែក និងក្រសួងសុខាភិបាល ដែលអាចនឹងមានគោលការណ៍ដោយឡែកផងដែរ»

* រាជរដ្ឋាភិបាលរក្សាកម្រិតបៀវត្សមន្រ្តីរាជការស្មើនឹងឆ្នាំ២០២១ដដែល ប៉ុន្តែអនុញ្ញាតឱ្យរៀបចំដំឡើងបៀវត្ស តាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ តែមិនអនុញ្ញាតឱ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ២០២១ នោះទេ៕