(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាភាសាអង់គ្លេស ក្រោយពីមានជំនួបទ្វេភាគី និងដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ។

ជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ថៃ បានធ្វើឡើងដើម្បីពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២។

ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ បានធ្វើឡើងក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា»។ ប្រមុខការទូតប្រទេសទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។

បន្ទាប់ពីកម្មវិធីទាំងនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ហើយក្រោយមកទៀត បានបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ក្នុងឱកាសបំពេញទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសថៃ ក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ៕

សូមទស្សនាសន្និសីទសារព័ត៌មានរវាងប្រមុខការទូតកម្ពុជា-ថៃ៖