(ភ្នំពេញ)៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា គោលដៅនៃការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនរូបនេះ គឺដើម្បីពង្រឹងនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្រោយពីមកដល់ភ្នំពេញ លោក វ៉ាង យី នឹងចូលបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ រដ្ឋមន្រ្តីការបរទេសចិន នឹងជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ហើយបន្ទាប់មកលោកនឹងជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបន្តជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលរសៀល៕