(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា បានប្រកាសថា ខ្លួននឹងចូលទៅបំភ្លឺ និង ការពារបណ្តឹង ដែលបានប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ពីបទបរិហាកេរ្តិ៍ ទៅតាមការកោះ​ហៅរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។

កញ្ញា សុវណ្ណថា កាលពីថ្ងៃទី០១ ខែមីនា បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍តាមខ្សែអាត់សំឡេង ដែលត្រូវបានទម្លាយនៅក្នុងទំព័រ Facebook «រឿងពិត CNRP»។ នៅក្នុងខ្សែអាត់សំឡេងនោះ លោក កឹម សុខា បានសន្ទនាជាមួយនារីកំណាន់ចិត្តរបស់ខ្លួនឈ្មោះ ខុម ច័ន្ទតារាទី ហៅស្រីមុំ ដោយបានរំលេចពីឈ្មោះរបស់កញ្ញា សុវណ្ណថា ផង ដែរ។ លោក កឹម សុខា បាននិយាយក្នុងខ្សែអាត់នោះថា សុវណ្ណថា បានយកឈ្មោះរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និង បោកយកលុយពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។

ធី សុវណ្ណថា ធ្លាប់បានបញ្ជាក់ថា ការលើកឡើងរបស់លោក កឹម សុខា គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន។ កញ្ញា ក៏បានបញ្ជាក់ផងដែរថា មិនធ្លាប់បានយក​ឈ្មោះគណបក្ស​សង្រ្គោះជាតិ ដើម្បីទៅបោកប្រាស​នរណាម្នាក់​នោះឡើយ។

គេមិនទាន់ដឹងថា ធី សុវណ្ណថា ចង់ឲ្យតុលាការមាន​ចំណាត់ការ​យ៉ាងណាលើ លោក កឹម សុខា នៅឡើយទេ ប្រសិនបើសំឡេងសន្ទនា​នោះ​រកឃើញថា ពិតជាសំឡេង​របស់លោក កឹម សុខា មែននោះ ខណៈដែលកញ្ញា ស្រីមុំ បានសារភាពរួចហើយថា កាលពីថ្ងៃទី១៩ ខែមេសា ថា សំឡេងសន្ទនាដែលបែកធ្លាយនាពេលកន្លងមកពិតជាសំឡេងសន្ទនារវាងកញ្ញា និង លោក កឹម សុខា ពិតប្រាកដមែន។

Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីកញ្ញា ធី សុវណ្ណថា ជុំវិញការចូលទៅបំភ្លឺនេះនៅឡើយទេ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដោយទូរស័ព្​ទរបស់កញ្ញា​ហៅចូលជាច្រើន​ដង តែគ្មានអ្នកទទួល។

ធី សុវណ្ណថា បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួននាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះផងដែរថា បើយោងទៅតាមចម្លើយ​សារភាពរបស់ស្រីមុំ លោក កឹម សុខា បានប្រព្រឹត្តបទ​ល្មើសជាក់ស្តែង ពីបទជួញដូរផ្លូវភេទ... ដែលអាចជាប់​ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ...។

កញ្ញា ធី សុវណ្ណថា យុវតីដែលគេដឹងថា ជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ​យ៉ាងលេចធ្លោ​មួយ​រូបនោះ បានបញ្ជាក់ថា កញ្ញា​គាំទ្រគណបក្សសង្រ្គោះជាតិ តែមិនគាំទ្រទង្វើរបស់លោក កឹម សុខា ដែលកញ្ញាហៅថាជា «ទង្វើថោកទាបខុសច្បាប់» នោះទេ។ សុវណ្ណថា បន្តថា គណបក្សសង្រ្គោះជាតិ បើអត់ពីលោក កឹម សុខា ក៏មិនរលាយដែរ ព្រោះនៅមានមនុស្សមានសមត្ថភាពជាច្រើនទៀត៕