(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ និងមន្រ្តីក្រោមឱវាទ ចុះផ្តល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្មវិធីលើកម្ពស់សុខភាព និងផ្តល់សេវាសុខភាពទូទៅនាថ្ងៃនេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ​ដោយមានការចូលរួមពីលោក-លោកស្រីជាសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឱសថបណ្ឌិត ឱសថការី ទន្តបណ្ទិត គិលានុបដ្ឋាការ និងនិស្សិតមកពីមកពីសាកលវិទ្យាល័យ វិទ្យាសាស្តសុខាភិបាល ដោយសហការណជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកាល់ម៉ែត ក្រុមការងារចុះជួយសង្កាត់ភ្នំពេញថ្មី។

នាពេញមួយថ្ងៃនេះ ក្រុមការងារក៏ចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ សេវាសុខាភិបាល ដែលផ្តល់ជូនប្រជាពលរដ្ឋដែលមាន សេវាពិគ្រោះព្យាបាលជម្ងឺទូទៅ ព្យាបាលធ្មេញ ពិនិត្យជម្ងឺភ្នែក និងចែកជូនឱសថ ដោយឥតគិតថ្លៃ ដើម្បីពង្រឹងនូវសុខមាលភាពជូនប្រជាជន ស្របតាមយុទ្ឋសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕