(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំឲ្យត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

នៅត្រង់ចំណុចបញ្ហាផ្សេងៗ នៃលទ្ធផលរបស់កិច្ចប្រជុំនេះ បានបញ្ជាក់បែបនេះថា «សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ»។

ប៉ុន្ដែទោះជាយ៉ាងណា ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ មិនបានបញ្ជាក់អំពី តើអ្វីជាការត្រៀមលក្ខណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នោះទេ។

គួរជម្រាបថា យោងតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានឃុំ-សង្កាត់ចំនួន១,៦៥២ និងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១១,៦២២នាក់។

គ.ជ.ប ក៏ទើបតែបានបិទបញ្ចប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែលមានប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៤៥០,៣៨២នាក់។

ដោយឡែក សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រវិញ គឺត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្ដង ខណៈកាលពីនីតិកាលទី៦កន្លងទៅ បានប្រព្រឹត្តធ្វើឡើងនៅឆ្នាំ២០១៨ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី និងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន៕