(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចកំណត់នូវជំហររបស់ខ្លួន សម្រាប់គំនិតផ្តួចផ្តើមឥណ្ឌប៉ាស៊ីហ្វិក ដែលជានយោបាយមួយ សម្រាប់ទប់ទល់នឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។

តាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់នូវគោលការណ៍ចំនួន៣ ជាត្រីវិស័យសម្រាប់ការគាំទ្រលើគំនិតផ្តួចផ្តើមឥណ្ឌប៉ាស៊ីហ្វិក ដែលមានអាមេរិកជាបងធំនេះ។

គោលការណ៍ទាំង៣នោះ រួមមាន៖ ទី១៖ ត្រូវតែផ្ដល់ផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍ, ទី២៖ មិនប្រឆាំងនឹងប្រទេសណាមួយ និងទី៣៖ ត្រូវគោរព និងផ្តល់ការគាំទ្រសម្រាប់មជ្ឈភាពរបស់អាស៊ាន និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន។

គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក គឺជាគំនិតផ្តួចផ្តើមនៃគោលនយោបាយមួយដែលមានប្រទេសចំនួន៤ ជាសម្ព័ន្ធភាពនឹងគ្នា រួមមាន៖ អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេមើលឃើញថា ជាគោលនយោបាយមួយ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕