(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្ហាញនូវការប្តេជ្ញាចិត្តប្តូរផ្តាច់ការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត។

ដើម្បីការពារឱ្យបាននូវបឹងទន្លេសាបនេះ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាអនុវត្តនូវវិធានការចាំបាច់មួយចំនួនមានដូចជា បន្តចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះការលួចបំផ្លាញព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប, ការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញ ជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយ ដែលកាន់កាប់ដោយខុសច្បាប់នៅតាមខេត្តជុំវិញបឹងទន្លេសាប។

ការប្រកាសប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរនូវកិច្ចខិតខំរបស់លោកឧបនាយករដ្ឋមន្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានចុះដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ បានដាក់ចេញបទបញ្ជាបន្ទាន់មួយឱ្យចុះសិក្សាស្រាវជ្រាវ និងដឹកហូតត្រឡប់មកវិញ នូវដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ និងគ្មានការលើកលែងឡើយ ចំពោះជនទន្ទ្រានយកដីព្រៃលិចទឹកទាំងនោះ ប្រសិនបើពួកគេមិនព្រមប្រគល់ត្រឡប់ជូនរដ្ឋវិញទេនោះ។

ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅសិក្សាស្រាវជ្រាវរកឃើញមានការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបយកធ្វើជាកម្មសិទ្ធិរាប់ពាន់ រាប់ម៉ឺនហិកតា។

ក្រោយបទបញ្ជាដ៏ក្តៅគគុករបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញភ្លាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសម្រេចបង្កើតក្រុមការងារ និងចុះទៅស្រាវជ្រាវ និងពិនិត្យដល់ទីតាំងដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅខេត្តទាំង៦ជុំវិញបឹងទន្លេសាបផងដែរ។

ក្រុមជនដែលបានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកត្រូវបានរកឃើញថា មានទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ឈ្មួញ និងប្រជាពលរដ្ឋធម្មតា។ ក្រោយការប្រកាសដាក់ចេញបទបញ្ជារបស់សម្តេចតេជោ ជនដែលបានកាន់កាប់ និងទន្ទ្រានដីព្រៃលិចទឹកនេះ បានប្រកាសប្រគល់ដីត្រឡប់មកវិញជាបន្តបន្ទាប់។

រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ផ្លូវការណាមួយត្រូវបានបង្ហាញនៅឡើយទេថា តើផ្ទៃដីព្រៃលិចទឹកប៉ុន្មានត្រូវបានដកហូតត្រឡប់មកវិញ។ បើតាមលោក សុខ ទូច មានផ្ទៃដីព្រៃលិចទឹករាប់ម៉ឺនហិកតា ត្រូវបានគេទន្ទ្រានយក៕