(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន និងពង្រីកការតភ្ជាប់ផ្លូវដែក ទៅកាន់ខេត្តសក្តានុពលផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន។

ផ្លូវដែកថ្មីដែលគ្រោងនឹងបង្កើតថ្មី ត្រូវបានសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ភ្ជាប់ពីផ្លូវដែកដែលមានស្រាប់នៅក្រុងប៉ោយប៉ែត ទៅកាន់ខេត្តសៀមរាប ឆ្ពោះមកកាន់ខេត្តកំពង់ធំ និងមករាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានការភ្ជាប់ពីផ្លូវដែកពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជាវៀតណាមផងដែរ។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»

ផ្លូវដែករបស់កម្ពុជា មានខ្សែរថភ្លើង២ខ្សែ ដែលខ្សែទី១ ផ្នែកខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ និង ខ្សែទី២ ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង៣៨៦គីឡូម៉ែត្រ៕