(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិត៏ស្និទ្ធជាមួយបណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ដោយក្នុងនោះសម្ដេចបានមានប្រសាសន៍អំពីបញ្ហាមួយចំនួន។

សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា៖ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិត៏ស្និទ្ធជាមួយបណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំង ធ្វើឱ្យអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់។

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ បន្តពីប្រទេសប្រុយណេ ខណៈដែលអាស៊ានកំពុងប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសបញ្ហាមីយ៉ាន់ម៉ា និងការប្រកួតប្រជែងលើកត្តាភូមិសាស្រ្តនយោបាយដោយប្រទេសមហាអំណាច។

សម្រាប់បញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជានឹងខិតខំសម្របសម្រួលដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ប៉ុន្តែបញ្ហារបស់មីយ៉ាន់ម៉ាអាចដោះស្រាយបានឬមិនបាន គឺអាស្រ័យលើប្រទេសមីយ៉ាន់ម៉ាខ្លួនឯង៕