(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបឡើងកាន់តំណែង គ្រោងស្នើសុំរាជរដ្ឋាភិ បាលកម្ពុជា អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចិញ្ចឹមត្រីឆ្តោឡើងវិញ ដើម្បីកាត់បន្ថយការនាំចូលត្រីមកពីក្រៅប្រទេស និង ធ្វើឲ្យសេដ្ឋកិច្ច ប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន។

លោក វេង សាខុន បានថ្លែងបង្ហាញពីគម្រោងស្នើសុំរាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីឆ្តោឡើងវិញនេះ ក្នុងឱកាសដែលរូប លោកចូលរួមសំណេះសំណាលជាមួយមន្រ្តីមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនៅព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសារាចរណ៍ហាមប្រាមមិនឲ្យប្រជាពលរដ្ឋខ្មែរចិញ្ចឹមត្រីឆ្តោនោះឡើយ ដោយមាន ហេតុផលថា ការចិញ្ចឹមត្រីឆ្តោនេះ នាំឲ្យមានការចាប់កូនត្រីតូចយកទៅធ្វើជាចំណីត្រីឆ្តោ ដែលជាបំផ្លាញធនធានត្រីក្នុងទឹកសាប។

ឆ្លើយតបបញ្ហានេះ លោក វេង សាខុន បានពន្យល់ថា ការចិញ្ចឹមត្រីឆ្តោ មិនរំពឹងទៅលើចំណីជាកូនត្រីនោះទេ គឺត្រូវចេះធ្វើចំណីឲ្យត្រី ឆ្តោស៊ី។ លោកបន្តថា ប្រទេសគេអាចធ្វើបាន ដូច្នេះកម្ពុជា ក៏អាចធ្វើបានដែរ។

ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ លោក វេង សាខុន ក៏បានប្រកាសទប់ស្កាត់ និងប្រឆាំងការនាំចូលសាច់ និងឆ្អឹងខូចគុណ ភាព ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «អ្វីដែលយើងត្រូវទប់ស្កាត់ឲ្យបានជាដាច់នៅពេលនេះ គឺការនំាចូលសាច់ ឬ ឆ្អឹងមាន់ខូចគុណភាព ដោយយកលេសថា យកមកធ្វើចំណីក្រពើ ហើយមានជនខិលខូចមួយចំនួនបែរជាយកសាច់មាន់ខូចគុណភាពទៅលក់ឲ្យប្រជា ពលរដ្ឋបរិភោគ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លំាង»