(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលស្គាល់ថាសង្គមកម្ពុជា មានការរើសអើងការស្រឡាញ់ភេទដូចគ្នា ពីសំណាក់ក្រុមគ្រួសារ សហគម និងមនុស្សនៅជុំវិញខ្លួន។

ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៣ ឆ្នាំ២០២១ ដែលរៀបចំដោយអង្គការសហគមន៍ឥន្ទធនូកម្ពុជា រួមជាមួយនឹងបណ្តាញអង្គការសង្គមស៊ីវិលធ្វើការលើផ្នែកសិទ្ធិនិន្នាភេទអត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងសិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៣នេះ ក៏មានរៀបចំនូវកិច្ចសន្ទនាតុមូល ក្រោមប្រធានបទ «កិច្ចគាំពារផ្លូវច្បាប់សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា» ដែលមានវាគ្មិនចូលរួមពិភាក្សាពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ព្រមទាំងមានសមាសភាពចូលរួមពីតំណាងអង្គទូត តំណាងអង្គការសហប្រជាជាតិនៅកម្ពុជា អាជ្ញាធរ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងសិល្បករផងដែរ។

នាឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមគាំទ្រ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ កុំឱ្យមានការរើសអើងដល់អ្នកស្រឡាញ់ភេទដូចគ្នា ហើយលោកក៏បានក្រើនរំលឹកដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រស់នៅក្នុងសង្គមជាតិកម្ពុជា កុំបង្កបាតុភាពណាមួយ ដែលបង្កឱ្យមានភាពជ្រួលច្របល់ ដើម្បីភាពសុខសាន្តទាំងអស់គ្នាផងដែរ។

លោក កែវ រ៉េមី ក៏បានអំពាវនាវផងដែរ ចំពោះមតា បិតា «សូមកុំរើសអើងពួកគាត់»

លោកបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ណែនាំកុំឱ្យមានការរើសអើងដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នេះគឺជាសារដ៏មានសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងសហគមន៍ឥន្ទធនូកម្ពុជាទាំងមូលផងដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងថា យោងតាមមាត្រា១ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស អះអាងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និងសិទ្ធិ ហើយថាមនុស្សម្នាក់ៗ មានសិទ្ធិសេរីភាពគ្រប់យ៉ាងដោយមិនប្រកាន់បែងចែកឡើយ។ គោលការណ៍ទាំងនេះ ស្តីពីសកលភាពភាពស្មើគ្នា និងការមិនរើសអើង នៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ និងសន្ធិសញ្ញាសិទ្ធិមនុស្ស។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បញ្ជាក់ជាថ្មីអំពីគោលការណ៍ទាំងនេះ ដោយការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចមានចែង ក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន «ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់» ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នាហើយ «មានសិទ្ធិចូលរួម យ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ» (មាត្រា៣៥)។

លោក កែវ រ៉េមី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់វាគ្មិន និងពិភាក្សាគ្នាឱ្យបានផុលផុស។

នៅក្នុងកិច្ចពិភក្សាតុមូលនេះ បានផ្តោតសំខាន់ទៅលើបញ្ហាចុះសំបុត្រអាពាហ៍ពិពាហ៍ របស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ ព្រោះថា ប្រសិនបើគាត់មិនមានសំបុត្រអាពាហ៍ពិពាហ៍ទេនោះពួកគាត់នឹងមានបញ្ហាប្រឈមមួយចំនួនដូចជា ការធ្វើសៀវភៅគ្រួសារ ការចុះបញ្ជីកំណើតកូន ការស្មុំកូន ការចែកទ្រព្យសម្បត្តិ នៅពេលពួកគាត់មានការបែកបាក់គ្នា៕