(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ចំនួន ១០០នាក់ ដែលមកពីស្រុកចំនួនពីរ គឺស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី។

លោក វ៉ា ថន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានថ្លែងទៀតថា «ខែរងាបានចូលមកដល់ហើយ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិកគ្រួសារដែលមានមនុស្សវ័យចាស់ យកចិត្តទុកដាក់ចំពោះសុខភាពរបស់គាត់ ហើយត្រូវពាក់អាវណាក្រាស់ៗ ដើម្បីកុំឱ្យរងារ។ ម្យ៉ាងវិញទៀត ទន្ទឹមនឹងការយកចិត្តទុកដាក់ថែទាំសុខភាព ក្នុងរដូវធ្លាក់ខ្យល់ខែរងានេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះបញ្ហាភ្លើងទៀនធូនជាដើម ដែលអាចបង្ហាជាហានិភ័យភ្លើងឆេះផ្ទះបាន»

លោកអភិបាលខេត្តបញ្ជាក់ទៀតថា អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់លោកតា លោកយាយ ក្នុងរដូវធ្លាក់ខ្យល់ចុះ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។

លោកបានណែនាំដល់ លោកយាយ លោកតា ដែលមិនទានចាក់វ៉ាក់សាំង ទៅចាក់នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ឫទីតាំងណាមួយ ដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ដែលថា ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ជេលលាងដៃ១ដប អាវរងា១ និងថវិការចំនួន ៥ ម៉ឺនរៀលផងដែរ៕