(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនប្រជាពលរដ្ឋ១៧៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ កន្លងមកនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។

ក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ដែលបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ច ចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។

សម្តេចទាំងទ្វេតែងតែក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ គ្រប់លំដាប់ឱ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូន ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះ សម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ។

លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យប៉ះពាល់ដល់អាយុជីវិត។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់កន្លងទៅនេះ សម្តេចទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជ្ញាធរខេត្ត បានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំ ការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។

ជាក់ស្តែងថ្ងៃនេះអំណោយដែលបាននាំមកជូន គឺជាការបង្ហាញពីការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ដែលរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដើម្បីជួយសម្រាលទុក្ខលំបាកប្រចាំថ្ងៃ របស់បងប្អូនបានមួយរយៈ ដើម្បីបងប្អូនអាចបន្ដខិតខំប្រឹងប្រែងធ្វើការ និងប្រកបរបរចិញ្ចឹមជីវិតបន្ដទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងអំពីអាកាសធាតុត្រជាក់ខ្លាំង ដែលនឹងឈានមកដល់នាពេលខាងមុខ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពអោយបានល្អ កុំឲ្យមានជំងឺនានា ជាពិសេសចាស់ៗ និងក្មេងៗ បន្ថែមពីនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក្ដី ដើម្បីការពារខ្លួនកាន់តែល្អប្រសើរពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋនៅនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ មានសរុបចំនួន១៧៥គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ត្រីខ១យួរ។ ដោយឡែក លោកយាយ លោកតា អ៊ំ ពូ មីង ចាស់ៗបានទទួលអាវរងាម្នាក់១ផងដែរ៕