(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល (Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្មខេត្តប៉ៃលិន និងមានការចូលរួមដោយក្រុមការងារខេត្ត អភិបាលក្រុង ស្រុក មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាកសិករ ប្រធានបណ្តុំប្រមាណ៦០នាក់។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឲ្យដឹងថា អគារប្រមូលផ្តុំកសិផលនេះ បានបង្កើតឡើងក្រោយពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម ចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឱ្យកសិករយល់ពីវត្ថុបំណង នៃការសាងសង់អាគារប្រមូលផ្តុំកសិផល-ប្រភពថវិកា នៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់មួយវិញទៀត ដើម្បីឲ្យការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា ការបង្កើតអគារប្រមូលផ្តុំកសិផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំកសិកម្មដែលបានបង្កើតឡើងដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ។

លោកស្រីបន្តថា អគារប្រមូលផ្តុំកសិផលនេះមានផលប្រយោជន៍ាសំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេញផលិតផលបន្លែរបស់កសករបណ្តុំ ទៅរកទីផ្សារ។ មួយវិញទៀត គ្រាដែលពួកគាត់មានរាំងស្ទះ ផ្នែកទីផ្សារ កសិករទាំងអស់ អាចបញ្ជូនផលិតផលកសិផលរបស់គាត់ មកកាន់ទីតាំងអគារប្រមូលផ្តុំកសិផលនេះបាននៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកស្រីបានវាយតម្លៃខ្ពស់នូវសមិទ្ធិផលទាំងនេះ និងសូមគូសបញ្ជាក់ជូនអង្គពិធីថា មន្ទីរកសិកម្មខេត្ត និងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ បានកំណត់កោលដៅយ៉ាងច្បាស់ថា គឺជួយកសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្តចំនួន ១៤៩៤ គ្រួសារ ដើម្បីកសិករកែលម្អរផលិតភាពកសិកម្ម និងបង្កើនភាពធននៃមុខរបរកសិកម្ម ឲ្យបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានប្រាក់ចំណេចព្រមទាំង ជួយកសិករខ្នាតតូច ចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃយើង៕