(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយឧត្តមសេនីយ៍ទោ ចាន់ថន សនតាអាត ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

មេបញ្ជាការកងទ័ពកម្ពុជា និងឡាវ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ទោ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕