(កំពង់ចាម)៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២១ ក្រុមការងារត្រួតពិនិត្យ ការដាក់តាំងផ្ទាំងផ្សព្វផ្សាយ និងស្លាកយីហោផ្សេងៗ ក្នុងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម ក្នុងក្រុងកំពង់ចាម អំពីរបៀបសរសេរអក្សរលើស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ ឲ្យបានត្រឹមត្រូវ។

ក្រុមការបានឲ្យដឹងថា ការចុះត្រួតពិនិត្យនោះ ដោយតម្រូវឲ្យម្ចាស់អាជីវកម្មនានា ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងប្រកាសឲ្យបានត្រឹមត្រូវ ដោយត្រូវប្រើអក្សរជាតិ នៅខាងលើទំហំធំជាងអក្សរបរទេសពីរដង។ ចំណែកអក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនវេយ្យាករណ៍ និងវេចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជព្រះមហា សុមេធាធិបតីជោតញ្ញាណោ ជួន ណាត រីឯគំនូររូបភាពដែលភ្ជាប់ជាមួយផ្ទាំងត្រូវរក្សាឲ្យមានសោភណ្ឌភាព និងលក្ខណៈថ្លៃថ្នូររបស់ជាតិផងដែរ។

ជាមួយគ្នានោះ ក្រុមការងារក៏បានជំរុញការលើកស្លាកអាជីវកម្មឲ្យបានត្រឹមត្រូវ តាមការកំណត់ ព្រមទាំងជំរុញឲ្យម្ចាស់អាជីវកម្ម ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាបណ្ណប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋផ្សេងៗ។

ចំណែកលទ្ធផល ក្រុមការងារបានចុះពិនិត្យអាជីវកម្មចំនួន៥ ទីតាំង ដែលបានលើកស្លាកជាភាសាបរទេស និងបានពន្យល់ណែនាំអំពីច្បាប់ នៃការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកប អាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមឡើងវិញផងដែរ៕