(កំពង់ឆ្នាំង)៖ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងជិត៣០០នាក់ បានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ដែលខ្លួនបានកាន់កាប់ជូនរដ្ឋវិញហើយ ដែលដីទាំងនោះសរុបជិត៣ពាន់ហិកតាឯណោះ។ នេះបើតាមលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ការប្រគល់ដីជូនរដ្ឋវិញ ធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តតាមបទបញ្ជារបស់សម្ដេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំក្រុមការងារអន្តរក្រសួង សហការជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការស្រាវ ជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅខេត្តកំពង់ឆ្នាំង នាពេលថ្មីៗនេះ។

លោក សាន់ យូ ដែលជាអ្នកទទួលបន្ទុកការងារដីធ្លី បានបញ្ជាក់ឲ្យដឹងថា តាមរបាយការណ៍បូកសរុបរបស់ក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង ជាបឋមគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋចំនួន ២៩៧នាក់ នៅក្នុងស្រុកចំនួន៣ បានមកសារភាពជាមួយអាជ្ញាធរ ដោយបានប្រគល់ដីតំបន់៣ ដែលខ្លួនបានកាន់កាប់សរុបមានចំនួន ២,៩២០.០២ហិកតា ជូនរដ្ឋគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។

ក្នុងនោះ នៅក្នុងស្រុកកំពង់លែងមានអ្នកសារភាពចំនួន ១៣នាក់ មានដីតំបន់៣ សរុបចំនួន ២,០៥៨.៥០ហិកតា, ស្រុកជលគីរីអ្នកសារភាពសរុបមានចំនួន ៣៨នាក់ មានដីតំបន់៣ សរុបចំនួន ១១៨.៩៤ហិកតា, ស្រុកបរិបូណ៌ មានអ្នកសារភាពសរុបចំនួន ២៥៦នាក់ មានដីតំបន់៣ សរុបចំនួន ៧៤២.៥៨ហិកតា។

ក្រុមចម្រុះរបស់ថ្នាក់ខេត្ត ដឹកនាំដោយលោក សាន់ យូ មានការមមាញឹកយ៉ាងសកម្មក្នុងការចុះស្រាវជ្រាវ និងស្វែងរកទីតាំងដីព្រៃលិចទឹក និងដីគំរបព្រៃឈើ ដែលរងការកាប់បំផ្លាញពីជនខិលខូចកន្លងមក ដើម្បីប្រមូលដកហូតមកទុកជាសម្បត្តិរដ្ឋវិញ និងផ្សព្វផ្សាយដល់ពលរដ្ឋណា ដែលបានរំលោភបំពានទន្ទ្រានដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ ឲ្យចូលមកសារភាពជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

បើតាមលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលជាថ្នាក់ដឹកនាំក្រុមការងារ នៃក្រុមចម្រុះថ្នាក់ខេត្តមួយរូបផងដែរនោះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការងារបន្តរបស់ក្រុមចំរុះថ្នាក់ខេត្ត ដែលមានមន្ទីរកសិកម្ម, មន្ទីរធនធានទឹក, មន្ទីររៀបចំដែនដី, និងកងកំលាំងទាំង៣អង្គភាព កំពុងតែបំពេញការងាររួមគ្នា បន្តធ្វើការស្រាវជ្រាវស្វែងរកដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន ប្រមូលយក មុខទុកជាសម្បត្តិរដ្ឋវិញ និងអំពាវនាវឲ្យពួកគាត់ចូលមកសារភាព បើមិនដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។

នៅពេលបច្ចុប្បន្ននេះក្រុមការងារចម្រុះថ្នាក់ខេត្ត ក៏កំពុងបន្តចុះស្រាវជ្រាវនិងរុករកដីគម្របព្រៃឈើ ដែលកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ជនខិលខូច នៅតាមបណ្ដាស្រុកមួយចំនួន ពិសេសគឺស្រុកទឹកផុស ដើម្បីដកហូតយកមកជាសម្បត្តិរដ្ឋវិញ។

លោក សាន់ យូ បានបញ្ជាក់ទៀតថា ក្រៅពីចុះពិនិត្យស្រាវជ្រាវដីព្រៃលិចទឹកតំបន់៣ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏មានតួនាទីចុះពិនិត្យស្រាវជ្រាវបទល្មើសឈូសឆាយ និងកាន់កាប់ដីគម្របព្រៃឆ្នាំ២០០២ របស់រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីធ្វើការរឹបអូសដកហូតទុកជាសម្បត្តិរដ្ឋវិញ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់ទន្ទ្រានព្រៃលិចទឹក និងវាតទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្ដង៕