(ឧត្តរមានជ័យ)៖ «ខ្ញុំពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោកមានសុខភាពល្អ មានអារម្មណ៍ស្ងប់ និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថាន បានអនុញ្ញាតដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជាចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃតំបន់នោះ។

បច្ចុប្បន្ននេះ ដំរីខាវ៉ាន់ត្រូវបានបន្តបន្ស៊ាំនឹងការរស់នៅក្នុងព្រៃធម្មជាតិក្នុងទំហំ១២ហិកតា ហើយនៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ក្បាល ដែលរហូតមកដល់ពេលនេះ ដំរីខាវ៉ាន់បានធ្វើការទាក់ទង។ ទាំងនេះបានធ្វើឱ្យខាវ៉ាន់ ដំរីដ៏ឯកោលែងឯកោទៀតហើយ។ អង្គការដែនជម្រកសត្វព្រៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសត្វដំរីខាវ៉ាន់ និងសត្វដំរីផ្សេងទៀត រួមនឹងសត្វព្រៃនានាក្នុងតំបន់អភិរក្សនោះ។

លោក នេត្រ ភក្ត្រា ដែលជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាអធិបតីស្វាគមន៍សត្វដំរីខាវ៉ាន់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់មានអាយុ ៣៦ ឆ្នាំហើយ និងបានរស់នៅលើជម្រកថ្មីរបស់ខ្លួនក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំមកហើយ។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានដោយលាន់មាត់ថា រយៈពេលមួយឆ្នាំដែល ដំរីខាវ៉ាន់ រស់នៅក្នុងជម្រកថ្មីដែលកម្ពុជា បានផ្តល់ឱ្យ មានភាពប្លែកខុសពីមកដំបូងក្នុងនោះ ដំរីខាវ៉ាន់ បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុនធាត់ជ្រុលដូចមុន និងរូបរាងមានការប្រែប្រួល។

លោកបានបន្ថែមទៀតថា ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំងគឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា។ «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ដោយលោកបានថ្លែងអំណរគុណដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជា ជាពិសេសលោកឧកញ៉ា សុខ ហុង ដែលបានជួយជ្រោមជ្រែងខ្នះខ្នែងជួយសង្គ្រោះសត្វដំរីនេះ ជាមួយតារាចម្រៀងដ៏ល្បីរបស់អាម៉េរិកលោកស្រី CHER និងបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ជម្រកថ្មីដល់សត្វដំរីដ៏ឯកោលើលោកមួយក្បាលនេះ។

គួររំឭកថា ដំរីឈ្មោះខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដី នៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។

កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដី ៤.៣៥០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។

លោក នេត្រ ភក្ត្រា បានរំឭកឡើងវិញនូវអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នេះនៅលើហ្វេសប៊ុករបស់លោក បានសរសេរថា៖ «រំឭកអនុស្សាវរីយ៍ខួបមួយឆ្នាំនៃការទទួលសត្វដំរីដ៏ឯកោជាងគេលើលោកឈ្មោះខាវ៉ាន់ មកលើទឹកដីសុវណ្ណភូមិ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺ២ថ្ងៃ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍កើតឡើងជាលើកដំបូង។

ជាការរំឭកព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផង និងព្រលឹងចុងសក់ផង។ រំភើបព្រោះកម្ពុជាបានផ្តល់ជម្រកថ្មីដល់ដំរីឯកាខាវ៉ាន់មកលើទឹកដីកម្ពុជាដ៏ស្រស់ស្អាត និងលែងរស់នៅឯកោទៀតហើយ។ ព្រលឹងចុងសក់ គឺព្រឹត្តិការណ៍សហគមន៍បានផ្ទុះឡើងនៅសៀមរាបផង ហើយអ្វីដែលធ្វើឱ្យអារម្មណ៍ខ្ញុំច្របូកច្របល់ គឺក្រោយពីបាននាំដំរីខាវ៉ាន់មកដល់ជម្រកថ្មី បានទទួលដំណងថាជនបរទេសម្នាក់ដែលជាក្រុមការងារពេទ្យសត្វអមដំរីខាវ៉ាន់ មកពីប្រទេសប៉ាគីស្ថានត្រូវបានតេស្តរកឃើញដំបូងថាមានវិជ្ជមានកូវីដ១៩។

«អារម្មណ៍ពិតជាមិននឹងនឡើយព្រោះពេលនោះ ពិភពលោកបានផ្ទុះពេញបន្ទុក មនុស្សឆ្លង និងស្លាប់ជាច្រើនរៀងរាល់ថ្ងៃនៅលើពិភពលោក ហើយវ៉ាក់សាំងក៏គ្មាននៅពេលនោះ។ មួយយប់ពេញខ្ញុំសម្រាន្តមិនលក់ ព្រឹកឡើងម៉ោង៦ ខ្ញុំត្រូវធ្វើដំណើរមកភ្នំពេញដើម្បីតេស្តរកកូវីដ១៩ ព្រោះមិនទាន់មានប្រដាប់តេស្តរហ័សនៅឡើយ។ តែជាភព្វសំណាងដ៏ល្អបំផុត រួចផុតពីបញ្ហាទាំងនេះ ក្រោយការបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រថា អ្នកតេស្តដំបូងវិជ្ជមានកូវីដ១៩ នោះមិនមានវិជ្ជមានទេ ការមើលឃើញថាមានវិជ្ជមានដោយសារតែបុរសនោះធ្លាប់ឆ្លងជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយ តែនៅសល់សំណាក»

លោក នេត្រ ភក្ត្រា បានបន្តថា «ពេលធ្វើដំណើរពីសៀមរាប មកភ្នំពេញ ទាំងព្រឹកដោយមិនហ៊ានហូបអ្វីសោះ និងមិនហ៊ានឈប់តាមផ្លូវ នៅក្នុងចិត្តរបស់ខ្ញុំពេលនោះ ទោះបីជាខ្ញុំតេស្តទៅវិជ្ជមានកូវីដ១៩ ក៏ខ្ញុំមិនស្តាយក្រោយឡើយ ព្រោះខ្ញុំបានបង្ហាញវត្តមានក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះស្វាគមន៍ដំរីឯកោខាវ៉ាន់ និងបានផ្តល់ជម្រកថ្មី ក្តីសង្ឃឹមថ្មី និងជីវិតថ្មីដល់សត្វដំរីអាស៊ីវ័យ ៣៥ឆ្នាំមួយក្បាលនេះ ដែលបញ្ជូនមកពីប្រទេសប៉ាគីស្ថាន និងបង្ហាញពីកម្ពុជាជាប្រទេសតូចតែបេះដូងទូលាយ»

នៅថ្ងៃនោះ សារព័ត៌មានជាង៧០០០ បានចុះផ្សាយ ព័ត៌មាននៃការមកដល់របស់ដំរីខាវ៉ាន់មកកម្ពុជា។ ជាព្រឹត្តិការណ៍ល្បីកក្រើកពិភពលោកលើកទី២ របស់កម្ពុជា បន្ទាប់ពីរឿងរ៉ាវនៃនាវាវើស្តែរដាំ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលពិភពលោកស្គាល់កម្ពុជាថាជាប្រទេសតូច តែមានបវដូងទូលាយ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «ថ្ងៃនោះ ខ្ញុំនិងតារាចម្រៀងដ៏ល្បីឈ្មោះរបស់អាម៉េរិកឈ្មោះ @CHER បានរង់ចាំស្វាគមន៍ការមកដល់របស់ខាវ៉ាន់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប និងបន្តជូនដំណើរខាវ៉ាន់ទាំងយប់ទៅដល់តំបន់អភិរក្សដំរីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទោះបីជាព្រឹត្តិការណ៍ព្រលឹងចុងសក់ តែខ្ញុំពិតជាមានមោទកភាព និងរីករាយក្នុងការលះបង់ដើម្បីបម្រើជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ»