(ភ្នំពេញ)៖ ដោយមានវត្តមានអស់រយៈពេលជិតមួយសតវត្សនៅក្នុងប្រទេសកម្ពុជាជាដៃគូ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានប្រារព្ធខួបលើកទី ៨០ឆ្នាំ របស់ខ្លួន ដែលជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តចំពោះអ្នកបំពេញការងាររួមគ្នាជាមួយទីភ្នាក់ងារ AFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នាជាងពេលណាៗទាំងអស់ជាមួយជោគវាសនារបស់យើង។ ដើម្បីរម្លឹកខួបនេះ ទីភ្នាក់ងារ AFD នៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិធីជួបជុំមួយ ដែលជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍ « សំឡេងស្រ្តី - Women's Voices»។

ចាប់តាំងពីពេលបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ ដឺហ្គោល កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៤១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ឬហៅកាត់ថា AFD បានរក្សាគោលការណ៍មនុស្សធម៌របស់ខ្លួន ក្នុងការងារប្រយុទ្ធប្រឆាំងវិសមភាពនៅក្នុងពិភពលោក និងការប្រែប្រួលបរិស្ថាន។ ក្នុងន័យនេះ អស់រយៈពេលជិតមួយសតវត្សមកហើយ ដែលទីភ្នាក់ងារ AFD ផ្តល់ការជួយជ្រោមជ្រែងនៅតាមមូលដ្ឋានដល់សកម្មភាពសាម គ្គី ភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោក ដើម្បី និងជាមួយស្ថាប័នផ្សេងៗទៀត។

នៅកម្ពុជា ទីភ្នាក់ងារ AFD មានវត្តមានចាប់តាំងពីឆ្នាំ១៩៩៣ ហើយស្ថិតក្នុងចំណោមស្ថាប័នធំៗ ដែលផ្តល់ហិរញ្ញប្បទានជួយដល់ប្រទេសកម្ពុជាក្រោយពេលចប់​សង្គ្រាមស៉ីវិល។ ចាប់ពីពេលនោះមក ទីភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទានប្រមាណ ៩០០លានអឺរ៉ូ ហើយផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំជាមធ្យម ១០០លានអឺរ៉ូ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចំពោះប្រវត្តិសាស្រ្តនិងគម្រោង នានាដែលបានអនុវត្តក្នុងបណ្តាទសវត្សរ៍ចុងក្រោយ ស្ត្រីនិងបុរសបានផ្លាស់វេនគ្នាដើម្បីជួយជ្រោមជ្រែង និងកសាងរួមគ្នានូវគម្រោងប្រកប​ដោយចីរភាព។ សម្រាប់អាយុកាល៨០ឆ្នាំរបស់ខ្លួន ទីភ្នាក់ងារ AFD មានបំណងបែរឆ្ពោះទៅរកអនាគតជាមួយដៃគូ និងលើកជាសំណួរថា តើយើងចង់កសាងពិភព​បែបណានៅឆ្នាំ២១០១?

អ្វីដែលប្រាកដច្បាស់នោះ គឺថាអនាគតនេះនឹងមិនអាចកសាងឡើងដោយគ្មានវត្តមានស្ត្រីចូលរួមនោះឡើយ។ អាស្រ័យហេតុនេះហើយទើបទីភ្នាក់ងារ AFD មានបំណងលើកស្ទួយតម្លៃស្ត្រីនៅក្នុង ឱកាសនៃការប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន។

ពិព័រណ៍ « សំឡេងស្រ្តី - Women's Voices » ដែលត្រូវបើកសម្ពោធនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឧទ្យានស្ថានទូតបារាំង ដោយរួមសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា មានគោលដៅផ្សព្វផ្សាយសម្លេងស្ត្រីកម្ពុជា ដែលមានលក្ខណៈបណ្តុះគំនិត នៅក្នុងគម្រោងនានាគាំទ្រដោយទីភ្នាក់ងារ AFD ក៏ដូចជាបង្ហាញអំពីប្រវត្តិ ការផ្តួចផ្តើមគំនិត និងបញ្ហាប្រឈមរបស់ពួកគេ។

រូបថតស្ត្រីទាំងនេះ ដែលថតដោយអ្នកថតរូបវ័យក្មេង ឈ្មោះ Mech Sereyrath និងរៀបចំដោយសមាគម Minor Act នឹងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ស្រ្តីនានា​ក្នុងការជម្នះឧបសគ្គ ដែលរាំងស្ទះដល់ឯករាជ្យភាពរបស់ពួកគេ។ សក្ខីកម្មរបស់ពួកគេបង្ហាញឱ្យឃើញថាតើពួកគេបានធ្វើឱ្យមានការផ្លាស់ ប្តូរជារៀងរាល់ដូចម្តេចខ្លះ ដើម្បីឱ្យកម្ពុជានៅពេលអនាគតត្រូវបានទ្រទ្រង់ដោយស្ត្រីផងដែរ។

នៅពេលបន្ទាប់ ពិព័រណ៍នេះនឹងត្រូវយកទៅដាក់តាំងនៅខាងមុខការិយាល័យរបស់ទីភ្នាក់ងារ AFD ដែលមានអា សយ ដ្ឋាន អគារលេខ៥ ផ្លូវលេខ១០៦ ហើយបន្ទាប់ពីនោះនឹងដាក់បង្ហាញនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា ការប្រារព្ធខួប ៨០ឆ្នាំ របស់ ទីភ្នាក់ងារ AFD នៅស្ថានទូតបារាំងគឺជាឱកាសដ៏ល្អមួយក្នុងការការពារ និងលើកស្ទួយសមភាពរវាងស្ត្រី និងបុរស។ ចាប់តាំងពីឆ្នាំ២០១៨ ជាមួយយុទ្ធសាស្រ្តអន្តរជាតិដើម្បីសមភាពស្ត្រីនិងបុរស ប្រទេសបារាំងមានការប្តេជ្ញាចិត្តចំពោះការទូតស្ត្រីនិយម។

លោកបន្តថា ការបា្ររព្ធខួបនេះក៏ជាឱកាសដ៏ប្រសើរមួយផងដែរក្នុងការបង្ហាញអំពីការទូតរបស់បារាំង ដែលផ្អែកលើការអភិវឌ្ឍប្រកបដោយចីរភាព ពោលគឺការពារភពផែនដីពីផលវិបាកអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងធានាបាននូវអនាគតមួយប្រសើរជាងមុនសម្រាប់មនុស្សទាំងអស់គ្នា។

គោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសបារាំងធ្វើឡើងស្របតាមក្របខណ្ឌមួយ ដែលកំណត់ដោយសហគមន៍អន្តរជាតិ ជាពិសេសកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងក្រុងប៉ារីស៍ស្តីពីបម្រែបម្រួលអាកាសធាតុ និងកម្មវិធីសកម្មភាព Addis-Abeda ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ គោលនយោបាយខាងលើក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្មីសម្រាប់ការអភិវឌ្ឍរបស់អឺរ៉ុប ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧៕