(រតនគិរី)៖ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមប្រតិភូ តំណាងអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា ដែលដឹកនាំដោយលោក យ៉ាន ស្កាតស៊ីហ្គីណូ។ការជួបពិភាក្សាការងារនាឱកាសនេះ ធ្វើឡើងនៅបន្ទប់ប្រជុំ VIP សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកមអភិបាលរងខេត្ត តំណាងក្រុមហ៊ុនអង្គរហ្គោល លោកនាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្ដីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងជំនួបនេះលោក យ៉ាន ស្កាតស៊ីហ្គីណូ បានជម្រាបជូនលោកអភិបាលខេត្តពីគោលបំណងនៃការចូលជួបនេះ គឺដើម្បីអបអរសាទរ និងជូនពរលោកក្នុងឱកាស ដែលបានទទួលភារកិច្ចថ្មី ជាអភិបាលខេត្តរតនគិរី។ ជាមួយនេះ លោកក៏បានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយដែលបានមកដល់ខេត្តរតនគិរី បានឃើញការអភិវឌ្ឍន៍ក្នុងខេត្ត ក៏ដូចជារមណីយដ្ឋានស្អាតៗ ហើយបង្ហាញនូវក្ដីរីករាយដែលមានក្រុមហ៊ុនមកពីប្រទេសកាណាដា ធ្វើការវិនិយោគក្នុងខេត្តរតនគិរី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់បងប្អូនជនជាតិដើមភាគតិចផងដែរ។

ការឆ្លើយតបលោក ញ៉ែម សំអឿន ក៏បានលើកឡើងអំពីសក្ដានុពលរបស់ខេត្តរតនគិរី ដែលក្នុងនោះ វិស័យទេសចរណ៍ជាផ្នែកមួយដែលសំខាន់នៅក្នុងខេត្ត ដែលរួមមានរមណីយដ្ឋានទេសចរណ៍ស្អាតៗ ទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្ដរជាតិ ល្បីល្បាញទូទាំងប្រទេសក៏ដូចជាទៅដល់ក្រៅប្រទេសផងដែរ,ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្ត។ហើយខេត្តរតនគិរីមានផ្ទៃដីដែលមានជីជាតិល្អសម្រាប់វិស័យកសិកម្ម និងការដាំដុះលើដំណាំកសិកម្មនិងកសិឧស្សាហកម្មផងដែរ។

លោកសង្ឃឹមថា នឹងមានក្រុមហ៊ុនពីប្រទេសកាណាដាបន្ថែមទៀតមកធ្វើការវិនិយោគ លើទឹកដីដ៏សម្បូរបែបនេះ ក្នុងពេលឆាប់ៗខាងមុខ៕