(កំពង់ឆ្នាំង)៖ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ តំណាងឲ្យប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នកំពុងជួយកសាងផ្លូវបេតុង១ខ្សែប្រវែង ៤៥០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥២ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

លោកមេឃុំឆ្នុកទ្រូ បានបន្តថា ផ្លូវជាតិលេខ៥២ តភ្ជាប់ពីឃុំពន្លៃ ស្រុកបរិបូណ៌ មកឃុំក្នុងទ្រូមានប្រវែងសរុប៩គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះពីមុនមកជាផ្លូវលំធម្មតាពិ បាកធ្វើដំណើរ ដែលនៅខែវស្សាត្រូវលិច ទឹកទន្លេអស់ ពាក់កណ្ដាល។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ជួយកសាងផ្លូវជាតិលេខ៥២នេះ បានខ្ពស់ផុតពីទឹកទន្លេឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ដោយឡែកនៅអំឡុងដើមខែធ្នូនេះ តាមរយៈលោកអភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួយកសាងផ្លូវបេតុងប្រវែង៤៥០ម៉ែត្រ មានទទឹង៣ម៉ែត្រនិងកម្រាស់២តឹក៣ហ៊ុន នៅចំណុចកំពង់ផែ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងផលនេសាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៅកា ន់ទីផ្សារនានាក្នុងប្រទេស។

លោកមេឃុំបានបញ្ជាក់ទៀតថា មកដល់ទីនេះផ្លូវបេតុងខាងលើនេះ កសាងបានទទឹង៣ម៉ែត្រ កម្រាស់២តឹក ៣ហ៊ុន និងបណ្ដោយជាង២០០ម៉ែត្រ ហើយគឺកសាងដោយថវិកាជាតិ។ អាជ្ញាធរនិងប្រជាពលរដ្ឋសង្ឃឹមថា នៅក្នុងរយៈពេលមួយខែទៅពីរខែខាងមុខនេះ ផ្លូវបេតុងនេះនឹងកសាងរួចរាល់ជាស្ថាពរហើយ ដែលអាចឲ្យប្រជាកសិករ និងប្រជានេសាទអាចដឹកជញ្ជូនកសិផលនិងផលនេសាទ ដឹកតាមរថយន្តបានដោយងាយស្រួល៕