(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រកាសចាត់វិធានការទៅតាមច្បាប់ដោយមិនលើកលែង ចំពោះមន្ត្រីដែលយកកម្រៃលើសេវាសាធារណៈនានាពីប្រជាពលរដ្ឋលើសពីច្បាប់ដែលបានកំណត់។

ថ្លែងក្នុងពិធីសម្ភោធដាក់ឲប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីពេលថ្មីៗកន្លងទៅនេះ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងថា ដើម្បីបន្តគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសនៅដំណាក់កាលដែលបងប្អូនប្រជាពលរដ្ឋកំពុងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ខ្ញុំសូមអំពាវនាវ និងណែនាំបន្ថែមទៀតដល់មន្ត្រីរាជការ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ដែលផ្ដល់សេវាសាធារណៈនានា ជូនបងប្អូនប្រជាពលរដ្ឋរបស់យើង សូមបន្តយកចិត្តទុកដាក់ បម្រើសេវាជូនពួកគាត់ឱ្យបានល្អប្រសើរ ដោយមិនត្រូវយកកម្រៃក្រៅពីច្បាប់មានចែងបានឡើយ។ ជាពិសេស គឺសេវា អត្រានុកូលដ្ឋាន សេវាសុរិយោដី (កាត់ប្លង់ រត់ប្លង់រឹង ដាក់បន្ទុក ដោះបន្ទុក ដើម្បីខ្ចីប្រាក់ធនាគារ) បង់ពន្ធប្រថាប់ត្រាផ្ទេរដីធ្លី សេវាសុខាភិបាល សេវាអប់រំ ភាស៊ីផ្សារ ចំណតរថយន្ត ជាដើម …។ល។

លោក ប្រាក់ សុវណ្ណ បានថ្លែងសង្កត់ធ្ងន់ថា «បើសិនជាមានករណីនេះកើតឡើង ខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់ មិនលើកលែងឡើយ។ ដូច្នេះដើម្បីបង្កើននូវប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ហាខាងលើនេះ ខ្ញុំសូមធ្វើការណែនាំបន្ថែម ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា បើបងប្អូនមានតម្រូវការសេវាចុះបញ្ជីដី ឬរត់ប្លង់រឹង ដូច្នេះបងប្អូនត្រូវបង់ថ្លៃសេវានៅការិយាល័យ ច្រកចេញចូលតែមួយ តាមច្បាប់កំណត់ ដែលមានចេញវិក័យបត្រ ត្រឹមត្រូវ ហើយមន្ត្រីប្រចាំច្រករបស់យើង ត្រូវផ្ដល់ព័ត៌មានបឋមអំពីតម្លៃពន្ធប្រថាប់ត្រា ដែលត្រូវបង់ គឺត្រូវចង្អុលបង្ហាញឱ្យគាត់ចេះគណនាតាមអត្រា និងទីតាំងជាក់ស្ដែងតាមច្បាប់កំណត់ ឬប្រាប់តម្លៃប្រហាក់ប្រហែលបន្ទាប់មកប្រសិនបើមាន ករណីសាខាពន្ធដារ ឬភូមិបាលក្រុងស្រុក ឬមន្ត្រីណាមួយ ទារយកថ្លៃសេវាលើស សូមបងប្អូនទូរស័ព្ទទំនាក់ទំនងមកអាជ្ញាធរតាមឋានានុក្រម គឺដំបូងត្រូវ ទូរស័ព្ទទំនាក់ទំនងទៅលោក អភិបាលក្រុងស្រុក»

លោកថា ក្នុងករណីដោះស្រាយមិនបាន គឺត្រូវទូរស័ព្ទទំនាក់ទំនងមក លោក យុង គឹមហ៊ាន អភិបាលរងខេត្តទទួលបន្ទុកសេវាច្រកចេញចូលតែមួយ តាមលេខទូរស័ព្ទ 012 243 788 និង 088 9 243 788 បើគាត់ដោះស្រាយឱ្យមិនបានទេ គឺសូមបងប្អូនទូរស័ព្ទទំនាក់ទំនងមកខ្ញុំតាមលេខទូរស័ព្ទ 097 240 6400 និង 078 39 5555។ ហើយខ្ញុំក៏មានវិធានការបន្ថែមដោយឱ្យលោក យុង គឹមហ៊ាន អភិបាលរងខេត្តទទួលបន្ទុក ផ្នែកសេវាច្រកចេញចូលតែមួយ ធ្វើការតាមដានពន្លឿនគ្រប់សេវាឱ្យបានឆាប់រហ័ស និងសាកសួរព័ត៌មានបងប្អូន ក្រែងមានមន្ត្រីណាម្នាក់ យកសេវាលើសច្បាប់កំណត់ផងដែរ ហើយបើរកឃើញថាមានយកលើសមែន ខ្ញុំនឹងចាត់វិធានការច្បាប់តែម្ដង។

ចំពោះសេវាផ្សេងៗទៀត ក៏អនុវត្តដូចគ្នាដែរ ដូចជាអត្រានុកូលដ្ឋាន គឺមិនតម្រូវឱ្យបង់ប្រាក់ទេ បើមានករណីបង់ប្រាក់ គឺលោកអភិបាលក្រុង-ស្រុក ត្រូវទទួលខុសត្រូវចំពោះរូបខ្ញុំ។ឧទាហរណ៍ថា បើមានករណី ទារលុយ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សូមបងប្អូនទូរស័ព្ទទំនាក់ទំនងមកលោក អធិការក្រុង-ស្រុក និងលោកអភិបាលក្រុង-ស្រុក បើអ្នកទាំងពីរដោះស្រាយមិនបាន សូមទូរស័ព្ទទំនាក់ទំនងមក លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត តាមលេខទូរស័ព្ទ 097 677 8888 បើលោកឧត្ដម សេនីយ៍ដោះស្រាយមិនបានទៀត សូមទូរស័ព្ទទំនាក់ទំនង មកខ្ញុំផ្ទាល់តែម្ដង៕