(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោក ជៀម ចន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមរបស់ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

គម្រោងមន្ទីរពេទ្យនេះ ត្រូវបានប្រារព្វពីធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៩។ មន្ទីរពេទ្យនេះមានទំហំ ២៤,៣០០ម៉ែត្រការ៉េ ត្រូវសាងសង់លើទំហំផ្ទៃដីសរុប ៥៥,៨១៥ ម៉ែត្រការ៉េ ចំណាយពេលសាងសង់៣២ខែ។

បន្ទាប់ពីការពិនិត្យគ្រប់ផ្នែកសំខាន់ៗទាំងអស់ នៃអគារមន្ទីរពេទ្យ និងស្តាប់របាយការណ៍របស់តំណាងក្រុមហ៊ុនសាងសង់ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន China Railway Construction Group CO.LTD. (CRCG) ជាអ្នកអនុវត្តគម្រោង និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន China IPPR International Engineering Corporation។

លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អគារមន្ទីរពេទ្យនេះ ត្រូវបានសាងសង់ក្នុងបទដ្ឋានខ្ពស់ ទាំងទិដ្ឋភាពខាងក្រៅ សោភ័ណភាពខាងក្នុងអគារ និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើបៗ។

លោកស្រីបានគូសរំលេចបន្ថែមថា ជារួមអគារគម្រោងសាងសង់មន្ទីរពេទ្យនេះ អាចទទួលយកបានពី៩៧% ទៅ៩៨% មានចំណុចខ្វះខាតតិចតួចដែលត្រូវកែសម្រួល។

ជាមួយគ្នានេះ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់លោកស្រីរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដឹកនាំក្រុមការងារបច្ចេកទេស ចុះមកពិនិត្យ និងវាយតម្លៃជាចុងក្រោយគម្រោងមន្ទីរពេទ្យនេះ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងសាងសង់មន្ទីរពេទ្យរួចរាល់ តាមផែនការ ព្រមទាំងបានជម្រាបភាគីចិនថា ប្រសិនបើមានតម្រូវការអ្វី ខេត្តនឹងខិតខំសហការ។

ទន្ទឹមនឹងនោះ តំណាងក្រុមហ៊ុន CRCG និង IPPR បានថ្លែងអំណរគុណដល់លោកស្រីរដ្ឋលេខាធិការ លោកអភិបាលខេត្តត្បូងឃ្មុំ និងក្រុមការងារទាំងអស់របស់ភាគីកម្ពុជា ដែលតែងតែសហការ និងគាំទ្រដល់ការអនុវត្តគម្រោងនេះបានដោយរលូន និងបានសម្រេចតាមផែនការដែលបានគ្រោងទុក ទោះបីជាស្ថិតក្នុងកាលៈទសៈ នៃការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងការកោតសរសើរ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ជូនដល់បុគ្គលិកកម្មករទាំងអស់នៃក្រុមហ៊ុន CRCG និង IPPR ដែលបានខិតខំអនុវត្តការងារបានល្អ និងអាចរួចរាល់មុនកាលបរិច្ឆេទកំណត់។

លោកស្រីរដ្ឋលេខាធិការ ក៏បានពាំនាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕