(ស្ទឹងត្រែង)៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះពិនិត្យការងារបោសសម្អាត គ្រាប់បែកចង្កោមរបស់មជ្ឈមណ្ឌល CMAC ក្រោមកិច្ចសហការជាមួយអង្គការ JMAS និងការងារអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតរួច នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមជំនួយឧបត្តម្ភគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាង លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អភិបាលស្រុកសេសាន តំណាងប្រតិបត្តិករស៊ីម៉ាក់ ប្រធានអង្គការ JMAS ប្រចាំកម្ពុជា ក្រុមការងារផែនការសកម្មភាពមីនខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋាន។

ក្រោមកិច្ចសហការជាមួយ CMAC អង្គការ JMAS បានចាប់ផ្តើមគម្រោងរបស់ខ្លួនរយៈពេល ០៣ឆ្នាំ នៅខេត្តស្ទឹងត្រែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវចំណាយថវិកាគាំទ្រទាំងការងារបោសសម្អាតគ្រាប់បែកចម្កោម និងការងារអភិវឌ្ឍន៍សហគមន៍ ដូចជាការបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីការងារដាំដុះប្រមាណ ៦០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អង្គការ JMAS បានចូលរួមឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជាចាប់ពីឆ្នាំ២០០២ រួមមាន៖ ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់សាលារៀន និងផ្តល់ជំនាញបច្ចេកទេសកសិកម្ម ជាដើម ក្នុងខេត្តចំនួន ០៤ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ននេះការគាំទ្ររបស់ JMAS នៅសល់តែខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃចំពោះការឧបត្ថម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរសរបស់អង្គការ JMAS ដែលបានចូលរួមទាំងការងារបោសសម្អាតមីន និងការអភិវឌ្ឍនៅនឹងកន្លែង ក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានក្រោយបោសសម្អាតរួចប្រកបដោយនិរន្តរភាព ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរដល់មជ្ឈមណ្ឌលស៊ីម៉ាក់ ជាពិសេសបងប្អូនអ្នកដោះមីន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្តល់ដីមានសុវត្ថិភាព។

លោកបានបញ្ជាក់ថា បងប្អូនអ្នកដោះមីន មិនត្រឹមតែបានចូលរួមចំណែកដល់ការជួយសង្រ្គោះអាយុជីវតរបស់ប្រជាពលរដ្ឋមូលដ្ឋាន ប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវស្នាដៃ ក៏ដូចជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ៕