(ភ្នំពេញ)៖ ការសាងសង់មន្ទីរពេទ្យខេត្តសៀមរាប ដែលស្ថិតក្រោមហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ការប្រកាសបើកដំណើរការនេះ បានធ្វើឡើងនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

គោលបំណងនៃគម្រោងនេះ គឺដើម្បីកែលម្អគុណភាពសេវាថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ ផ្សេងទៀត ដោយការសាងសង់អគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។

គម្រោងនឹងធ្វើការសាងសង់អាគារថ្មីមួយ (ដែលមានទំហំប្រហែល ៧,២៦០ម៉ែត្រការ៉េ) នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប បំពាក់ដោយគ្រែអ្នកជំងឺចំនួន ២១២គ្រែនៅក្នុងអាគារផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះទៅទៀត គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតរួមមាន៖ ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត ក៏ដូចជាសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្តផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត។

កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះ បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងទឹកប្រាក់សរុបចំនួន ២,១៥៣លានយ៉េន (ប្រមាណជា ១៨.៩៥ លានដុល្លាអាមេរិក)៕