(សៀមរាប)៖ ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំ និងតម្រង់ទិស ជាពិសេសយុវជន អ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់ និងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញការងារដោយក្ដីស្រឡាញ់ និងស្នាមញញឹម។

ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ» នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាកាកបាទកម្ពុជាខេត្តសៀមរាប បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្តិ យុវជនកាកបាទក្រហមកម្ពុជា មន្ទីរបរិស្ថាន ខណ្ឌព្រៃឈើ យុវជនស.ស.យ.ក យុវជនកាយរិទ្ធ សរុបចំនួន ២៧៧នាក់ ដែលប្រារព្ធធ្វើឡើងនៅឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ក្នុងខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី បានអានសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស សូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា បង-ប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងការសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បង-ប្អូនអ្នកស្ម័គ្រចិត្ត ក្មួយៗ ជាយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តសៀមរាប ក៏ដូចជាស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

លោកស្រីអគ្គលេខាធិការ បានបន្ថែមទៀតថា ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូនេះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត នឹងរៀបចំតាមលទ្ធភាព និងកាលបរិច្ឆេទរៀងៗខ្លួន ហើយពិធីនេះធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែងរបស់ យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ មិនមែនមានតែយុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាមួយទេ គឺគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រីអគ្គលេខាធិការ បានបន្តទៀតថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំជាគណៈកម្មាធិការ ទីស្នាក់កណ្តាល និងថ្នាក់ដឹកនាំ គណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួន ដោយមិនខ្លាចនឿយហត់ដោយគ្មានប្រាក់បៀវត្សនោះទេ មិនត្រឹមតែប៉ុណ្ណោះបានចំណាយថវិកាផ្ទាល់ខ្លួន សម្រាប់ការងារមនុស្សធម៌ថែមទៀតផង។

ទន្ទឹមនឹងនេះដែរ លោកស្រីបានថ្លែងអំណរគុណចំពោះសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្តល់ការជួយឧបត្ថម្ភ គាំទ្រដោយសទ្ធាជ្រះថ្លា ដោយការស្ម័គ្រចិត្តដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវ ចំពោះ សប្បុរសជនទាំងអស់ សូមបន្តពង្រឹងកម្លាំងសាមគ្គីភាព ជាមួយកាកបាទក្រហមកម្ពុជា ជារៀងដរាបតទៅ។

សូមបញ្ជាក់ថា ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ក្នុងខេត្តសៀមរាប គឺមានការផ្តួចផ្តើមគំនិត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដាំដើមឈើ ជាង ២,០០0ដើម តាំងពីឆ្នាំ១៩៩៩មកម្លេះ ដោយមានមើលថែពីលោកតា នួន ទេស និងអ្នកអភិរក្ស៤នាក់ទៀត៕