(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូ នៃក្រុមការងារគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អញ្ជើញទស្សនកិច្ចស្វែងយល់អំពីសង្វាក់ផលិតកម្មមីជាតិ ទឹកពិសារបរិសុទ្ធវីតាល់ របស់ក្រុមហ៊ុន One More Manufacturing Co,.LTd។

លោក ឡាវ វ៉ាន់ អគ្គនាយកក្រុមហ៊ុន One More Manufacturing បានជំរុញលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា បង្កើនការគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ជាតិយើង និងរួមគ្នាលើកស្ទួយសេដ្ឋកិច្ចជាតិយើង។

លោកបានបង្ហាញការប្រៀបធៀបអំពីសារប្រយោជន៍ខុសគ្នា រវាងការគាំទ្រប្រើប្រាស់លិតផលជាតិ និងផលិតផលបរទេស គឺការប្រើប្រាស់ផលិតផលជាតិ យើងបានរួមចំណែកក្នុងការជំរុញឲ្យឧស្សាហ៍កម្មក្នុងស្រុក កាន់តែមានការរីកចម្រើន ហើយក៏រក្សាកំណើន និងសន្ទុះចំណូលសម្រាប់ជាតិ ខណៈបើការប្រើប្រាស់ផលិតផលបរទេស គឺចំណូលភាគច្រើនបានទៅលើបរទេស និងការលើកកម្ពស់សេដ្ឋកិច្ចក្រៅបរទេសជាងសេដ្ឋកិច្ចជាតិ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ពីគោលបំណង នៃការទស្សនកិច្ច ដែលអមដោយគណៈប្រតិភូជាថ្នាក់ដឹកនាំឥស្លាមពីចម្រុះស្ថាប័ននេះ គឺក្នុងគោលបំណង ដើម្បីបង្ហាញពីការគាំទ្រផលិតផលជាតិកម្ពុជា ដែលប្រើប្រាស់ស្លាកហាឡាលកម្ពុជា និងជំរុញកំណើនទីផ្សារឲ្យកាន់តែទូលំទូលាយ និយាយដោយឡែកដល់អតិថិជនឥស្លាម សំដៅបង្កើនសន្ទុះនៃការប្រើប្រាស និងជំនឿទុកចិត្តឲ្យកាន់តែក្លាំងក្លាឡើងថែមទៀត៕