(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានប្រកាសឈប់ទទួលពាក្យបណ្ដឹង ករណីក្រុមហ៊ុន GoldFX Investment យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយក្រោយកាលបរិច្ឆេទកំណត់ទុកនេះ អតិថិជនដែលយឺតយ៉ាវ គឺត្រូវដាក់ពាក្យបណ្តឹងដោយផ្ទាល់ ទៅស្ថាប័នតុលាការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «និយ័តករមូលបត្រកម្ពុជា បានចាប់ផ្តើមប្រកាសទទួលពាក្យបណ្តឹង របស់អតិថិជនក្រុមហ៊ុន GoldFX Investment ចាប់តាំងពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតមកប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានអតិថិជនក្រុមហ៊ុន GoldFX Investment បន្តមកដាក់ពាក្យបណ្តឹងជារឿយៗ ដោយយឺតយ៉ាវមក ន.ម.ក.។

ដើម្បីពន្លឿនការដោះស្រាយបណ្តឹងជូនអ្នកដែលបានដាក់រួចតាំងពីចាប់ផ្តើមទទួលដំបូងនោះ តាមនីតិវិធីច្បាប់ដោយមន្ត្រីនគរបាលយុត្តិធម៌របស់ គ.ម.ក. ក្រោមការដឹកនាំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ន.ម.ក. សូមប្រកាសបន្តទទួលពាក្យបណ្តឹងរបស់អតិថិជនក្រុមហ៊ុន GoldFXInvestment
យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត ដោយក្រោយកាលបរិច្ឆេទកំណត់ទុកនេះ អតិថិជនដែលយឺតយ៉ាវ គឺត្រូវដាក់ពាក្យបណ្តឹងដោយផ្ទាល់ ទៅស្ថាប័នតុលាការមានសមត្ថកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន»៕