(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេសទាំងពីរ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌល នេះមានលក្ខណៈធំទូលាយ គ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥,០០០គ្រែ រួមទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាល។

ការសាង់សង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មីនេះ ដោយទីតាំងបច្ចុប្បន្ន រួមមានទីតាំងពហុកីឡដ្ឋានអូឡាំពិក ទីតាំងព្រែកព្នៅ និងទីតាំងមួយចំនួនទៀត ដែលបានខ្ចីពីឯកជនត្រូវប្រគល់ជាបន្តបន្ទាប់ ទៅម្ចាស់ទីតាំងឯកជនទាំងនោះវិញ ចាប់ពីចុងឆ្នាំ២០២១នេះ។

ម្យ៉ាងវិញទៀត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌលព្យាបាលថ្មីនេះ នឹងត្រូវទទួលអ្នកជំងឺ ដែលផ្ទេរមកពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និងមណ្ឌលព្យាបាលព្រែកព្នៅ ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវត្រៀមសម្រាប់ហ្វឹកហាត់បម្រើឱ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យយកចិត្តទុកដាក់សាងសង់ ដោយត្រូវគោរពទៅតាមបទដ្ឋានមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាព និងដោយឡែកអគារ ក៏ត្រូវគោរពទៅតាមនិយាមអគារដែលមានគុណភាពផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានឯកភាពទៅលើទីតាំង ដែលត្រូវសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងបានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីរ ត្រូវសិក្សារៀបចំផែនការមេឱ្យបានឆាប់រហ័សបំផុត ព្រោះទីតាំងនោះត្រូវចាក់បំពេញដីបន្ថែម និងត្រូវធានាការសាង់សង់ឱ្យបានរួចរាល់ ក្នុងរយៈពេលពី៦ទៅ៨ខែ៕