(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មី ខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។

ដោយឡែកសម្រាប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត តំណាងលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធខេត្តស្វាយរៀង និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ចម្រើន តាមបែបសាសនា ដោយមានការចូលរួមពីសំណាក់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត មន្ត្រីកងរាជអាវុធហត្ថខេត្ត ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនផងដែរ។

លោក នុត នន្ទ បានឱ្យដឹងថា អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មី ដែលបានធ្វើពិធីក្រុងពាលីនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លាពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ហើយនឹងត្រូវធ្វើពិធីសម្ភោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ក្រោមអធិបតីរបស់នាយឧត្តមសេនីយ៍មេបញ្ជាការផងដែរ។

សូមបញ្ជាក់ថា តាមបណ្តាខេត្តនានា និងតាមស្រុកក្រុងទាំងអស់នៅទូទាំងប្រទេសដូចជានៅខេត្តស្វាយរៀង ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕